ចិននិងអាស៊ានសម្រេចបានអត្ថបទកិច្ចចរចាជាពង្រាងតែមួយ ស្តី​ពី COC ក្នុងសមុទ្រចិនខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ — សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី ( Wang Yi ) បាននិយាយពីថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន និងអាស៊ានបានសម្រេចនូវអត្ថបទធ្វើកិច្ចចរចាជាពង្រាងតែមួយនៃច្បាប់ ទូន្មាន ( COC ) ក្នុងសមុទ្រចិនខាងត្បូង ។

លោក វ៉ាង បានធ្វើការកត់សម្គាល់នេះ នៅឯកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសចិន- អាស៊ាន ។ អត្ថបទជាពង្រាងនេះ នឹងយកធ្វើជាមូលដ្ឋាននៃកិច្ចចរចា COC នាពេលអនាគត ។ លោក វ៉ាង បានកត់សម្គាល់ថា វាជាការជឿនលឿនយ៉ាងសំខាន់មួយទៀតស្តីពីកិច្ចចរចា COC អាចត្រូវគេបង្កើនល្បឿនប្រសិនបើយើងផាត់ចេញការជ្រៀតជ្រែកពីខាងក្រៅ ។

លោក វ៉ាង បាននិយាយថា ការពិតនឹងបង្ហាញឱ្យឃើញថា ចិននិងបណ្តារដ្ឋសមាជិកអាស៊ាន មានសមត្ថភាពថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងការធ្វើឱ្យសម្រេចបាននូវច្បាប់ថ្នាក់តំបន់ដែលបានប្រកាន់ខ្ជាប់ដោយប្រទេសទាំងអស់នេះតាមរយៈការធ្វើកិច្ចចរចា ។

លោកបាននិយាយថា ប្រទេសចិនបានបញ្ជូននាវាជួយសង្គ្រោះដែលទំនើបបំផុតរបស់ខ្លួនបំពាក់ដោយក្រុមរុករកនិងជួយសង្គ្រោះដែលមានវិជ្ជាជីវៈ ទៅកាន់កោះណានសា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលនឹងស្ថិតនៅទីនោះ ដើម្បីបំពេញបេសកកម្មផ្សេងៗ ហើយនាវានេះ នឹងផ្តល់ជំនួយតាមសមុទ្រ សម្រាប់នាវាដែលមកពីបណ្តាប្រទេសនៅជុំវិញពិភពលោក នៅពេលដែលមានការចាំបាច់ ។

លោក វ៉ាង បាននិយាយបន្ថែមថា ប្រទេសចិននឹងផ្តល់សេវាលើការស្រាវជ្រាវខាងវិទ្យាសាស្ត្រ និងឧតុនិយមសម្រាប់បណ្តាប្រទេសថ្នាក់តំបន់នៅក្នុងពេលអនាគត ។

ថ្លែងនៅក្នុងឱកាសដូចគ្នានេះដែររដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន ( Vivian Balakrishnan ) បាននិយាយថា បណ្តារដ្ឋសមាជិកអាស៊ាន និងចិនបានសម្រេចនូវអត្ថបទធ្វើកិច្ចចរចាជាពង្រាងតែមួយនៃ COC ដែលនឹងជាឯកសាររស់មួយ ព្រមទាំងជាមូលដ្ឋាននៃកិច្ចចរចា COC នាពេលអនាគត ។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បាននិយាយបន្ថែមថា យើងក៏បានព្រមព្រៀងគ្នាផងដែរលើទម្រង់យ៉ាងសំខាន់សម្រាប់ការធ្វើកិច្ចចរចា COC នៅពេលអនាគត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )