ឧបនាយករដ្ឋមន្រ្តីវៀតណាមជួបប្រជុំជាមួយអ្នកការទូតជប៉ុន និងអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃទី២ ខែសីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបប្រជុំដាច់ដោយឡែកមួយជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Taro Kono និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ។
កិច្ចប្រជុំទាំងពីរនេះបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥១ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅក្នុងប្រទេសសិង្ហបុរី។ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាននិយាយទៅកាន់លោក Taro Kono ដោយបានថ្លែងអំណរគុណដល់ក្រសួងការបរទេសជប៉ុន ចំពោះកិច្ចសម្របសម្រួលក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាមទៅកាន់ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ ជាពិសេស គឺដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ។

លោក និងមន្ត្រីជប៉ុន បានយល់ស្របថា ភាគីទាំងពីរនឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចបាននូវលទ្ធផលនៃដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ទាំងនោះ។

លោកបានកត់សម្គាល់ថា ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន – ជប៉ុនចាប់ពីខែសីហានេះ ប្រទេសវៀតណាមនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រទេសនៅអាស៊ីភាគឦសានដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងអាស៊ាន – ជប៉ុន។

ចំពោះកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់វិញ លោក Minh បានអះអាងថា វៀតណាមរក្សាបាននូវទំនាក់ទំនងមិត្តភាពជាមួយប្រទេសអ៊ីរ៉ង់ ដោយស្នើឱ្យភាគីទាំងពីរធ្វើការងារជាមួយគ្នាឱ្យបានកាន់ តែជិតស្និទ្ធ ដើម្បីអនុវត្តន៍លទ្ធផលនៃដំណើរទស្សនកិច្ចថ្នាក់ខ្ពស់នាពេលថ្មីៗនេះ។

លោកក៏បានអំពាវនាវឱ្យអ៊ីរ៉ង់បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់បណ្ដាក្រុមហ៊ុនអាជីវកម្មធំៗរបស់វៀតណាម ដូចជា ក្រុមហ៊ុន Viettel និងក្រុមហ៊ុន PetroVietnam ដើម្បីវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសអ៊ីរ៉ង់។

នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានឯកភាពបង្កើនភាពជាដៃគូក្នុងវិស័យថាមពល ប្រេង និង ឧស្ម័ន និងធនាគារ ដើម្បីជួយជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងបានទ្វេដងដល់តម្លៃ ២ប៊ីលានដុល្លារអាម៉េរិក៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )