សហភាពអឺរ៉ុបជួយគាំទ្រតំបន់អាស៊ីអាគ្នេយ៍ក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ — គណៈកម្មការអឺរ៉ុបបានផ្តល់ថិវកាចំនួន ៦លានអឺរ៉ូ សម្រាប់ការផ្តួចផ្តើមជួយដល់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងការដោះស្រាយគ្រោះមហន្តរាយធម្មជាតិ នៅពេលដែលតំបន់នេះកំពុងប្រឈមនឹងរដូវខ្យល់មូសុង និងផលប៉ះពាល់ដ៏ខ្លាំងក្លា។
ស្នងការសម្រាប់ជំនួយមនុស្សធម៌ និងគ្រប់គ្រងវិបត្តិ លោក Christos Stylianides បាននិយាយថា សហភាពអឺរ៉ុបជឿជាក់ថា ការលើកកម្ពស់ដល់សហគមន៍នឹងធ្វើឱ្យមានភាពប្រសើរឡើងក្នុងការត្រៀមខ្លួនប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិ ជាពិសេសជនងាយរងគ្រោះបំផុតដែលជាអ្នកទទួលរងគ្រោះខ្លាំងបំផុត។
លោកបានកត់សម្គាល់ថា ជំនួយនេះនឹងពង្រឹងគំនិតផ្តួចផ្តើមត្រៀមទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិដែលកំពុងកើតមាននៅទូទាំងតំបន់ ខណៈដែលកំពុងមានការលើកកម្ពស់ជីវភាពរស់នៅ និងភាពធន់ទ្រាំរបស់អ្នកដែលរងគ្រោះបំផុត។

ថវិកាដែលបានប្រកាសខាងលើនេះ ថវិកាចំនួន ២លានអឺរ៉ូនឹងត្រូវផ្តល់ទៅឱ្យប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយប្រទេសនេះក្នុងការបង្កើតប្រព័ន្ធឆ្លើយតបថ្នាក់ជាតិប្រឆាំងនឹងការរញ្ជួយដី និងរលកយក្ស ស៊ូណាមិ ព្រមទាំងដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងគំនិតផ្តួចផ្តើមកសាងភាពធន់ក្នុងបរិបទទីក្រុងផងដែរ។ ប្រទេសនេប៉ាល់នឹងទទួលបានទឹកប្រាក់ចំនួន ២លានអឺរ៉ូ ដើម្បីកសាងសមត្ថភាព និងភាពរឹងមាំនៃសហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ពីការរញ្ជួយដី។

ប្រទេសហ្វីលីពីននឹងទទួលបានថវិកាចំនួន ១លានអឺរ៉ូ ដើម្បីអនុវត្តន៍ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងគំនិតផ្តួចផ្តើមកសាងភាពធន់ដោយផ្តោតទៅលើប្រជាជនក្រីក្រនៅតាមទីប្រជុំជន ខណៈដែលនៅសល់ ១លានអឺរ៉ូទៀតនឹងចូលរួមក្នុងគំនិតផ្តួចផ្តើមពហុប្រទេស ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបនៅក្នុងថ្នាក់តំបន់ទូទាំងអាស៊ីអាគ្នេយ៍ រួមមានប្រទេសឡាវ កម្ពុជា និងវៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)