អភិបាលរាជធានីភ្នំពេញថ្លែងអំណរ គុណប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់សំណូមពរប្រជាពលរដ្ឋ បុរីសន្តិភាព២ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ នៅព្រឹកថ្ងៃទី៣ កក្កដា ២០១៨នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសធ្វើផ្លូវ និងដាក់លូបន្ថែមទៀត ជូនប្រជាពលរដ្ឋ តាមការសន្យា មុនពេលបោះឆ្នោត។

ឯកឧត្តម ឃួង ស្រេង បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ថា នៅក្នុងបុរីសន្តិភាព២ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកសាងសមិទ្ធិផលជាច្រើន ដើម្បីបំពេញទៅតាមតំរូវការជាមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ ដែលពីមុនតំបន់នេះគ្មានអ្វីទាំងអស់ តែមកដល់ឥឡូវនេះបងប្អូនមានផ្ទះសំបែងរស់នៅសមរម្យ,មានទីផ្សារ,មានប្រពន្ធ័ទឹក,ភ្លើងរដ្ឋប្រើប្រាស់ មានសេវារថយន្តក្រុងនិងសេវាសុខភាពជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករកន្លងមក ៕