សមាជិកព្រឹទ្ធសភាអាមេរិកចេញសេចក្តីព្រាងច្បាប់ថ្មីដើម្បីឆ្លើយតបនឹងទណ្ឌកម្មរបស់រុស្ស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៣.០៨.១៨)

អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យបានដាក់ចេញនូវសេចក្តីព្រាងច្បាប់ថ្មីដើម្បីដាក់ទណ្ឌកម្មឲ្យខ្លាំងទៅលើរុស្ស៊ីដែលនេះជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់សមាជិកសភាដើម្បីដាក់ទណ្ឌកម្មក្រុងម៉ូស្គូលើការជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់អាមេរិករួមទាំងសកម្មភាពរបស់រុស្ស៊ីក្នុងប្រទេសស៊ីរីនិងអ៊ុយក្រែនផងដែរ។

ច្បាប់ថ្មីនេះរួមមានការរឹតបន្តឹងលើគម្រោងថាមពលនិងប្រេងរបស់រុស្ស៊ីព្រមទាំងការនាំចូលអ៊ុយរ៉ាញ៉ូមរបស់រុស្ស៊ីហើយក៏មានការដាក់ទណ្ឌកម្មថ្មីៗទៅលើអ្នកនយោបាយរុស្ស៊ីនិងមហាសេដ្ឋីដែលពាក់ព័ន្ធនឹងអ្នកនយោបាយ ។

សភាអាមេរិកបានអនុម័តច្បាប់ដាក់ទណ្ឌកម្មរលើរុស្ស៊ីកាលពីរដូវក្តៅកន្លងមកប៉ុន្តែសមាជិកសភាមួយចំនួនបានរិះគន់ចំពោះអ្វីដែលពួកគេបានមើលឃើញថាជាការស្ទាក់ស្ទើររបស់លោកប្រធានាធិបតីដូណាល់ត្រាំក្នុងការអនុវត្ត។លោកត្រាំបានចុះហត្ថលេខាលើច្បាប់នេះបន្ទាប់ពីសភាបានអនុម័តដោយសារមានសំឡេងឯកភាពភាគច្រើន។