សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨–សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៤៤២គ្រួសារ ដោយក្នុងនោះគ្រួសារខ្មែរ-អ៊ិស្លាមមានចំនួន៨៤៧គ្រួសារ ស្មើនឹង២.៧៦៦នាក់ ដែលរស់នៅក្នុងភូមិចំនួន១៦ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

កម្មវិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នេះនៅទួលសុវត្ថិភាព ស្ថិតនៅក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។ នេះបើយោងតាម គេហទំព័រ ហ្វេសប៊ុករបស់កាកបាទក្រហមកម្ពុជា បានចេញផ្សាយ នាថ្ងៃ០២ ខែសីហា ឆ្នាំ២០១៨នេះ។ នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការនឹករលឹក និងក្តីស្រឡាញ់ ដោយបានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋទាំងអស់ និងបាននាំមក នូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា បញ្ហាគ្រោះធម្មជាតិទឹកជំនន់ ជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា ដែលបណ្តាលមកពីបម្រែបម្រួលធាតុអាកាស។ សម្តេច បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាខា-អនុសាខាកាកបាទក្រហមកម្ពុជា ឱ្យចុះតាមដាន និងបំពេញតម្រូវការជូនបងប្អូន ប្រជាពលរដ្ឋ នៅក្នុងខេត្ត ស្រុក ភូមិ ឃុំ ដែលពិបាក និងមានការខ្វះខាតខ្លាំងឱ្យបានទាន់ពេលវេលា ទាំងក្នុងពេលទឹកឡើង និងពេលទឹកស្រកទៅវិញ។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាព រស់នៅមានអនាម័យ ដោយប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសគ្រប់ប្រភេទ ហើយឆាប់ប្រកបមុខរបរបង្កបង្កើនផលដើម្បីលើកស្ទួយជីវភាពគ្រួសារឡើងវិញនៅ ក្រោយពេលទឹកស្រក។ ជាមួយនឹងការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយផ្ទាល់ចំនួន១.៤៤២គ្រួសារខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ សម្រាប់ធ្វើសកម្មភាពជាបន្តបន្ទាប់ទៅតាមតំបន់គោលដៅរងគ្រោះនូវស្បៀង និងសម្ភារប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ១.០៥៨គ្រួសារ ព្រមទាំង តង់ចំនួន២០០សន្លឹក និងរទេះជនពិការចំនួន១០គ្រឿងផងដែរ។

សូមបញ្ជាក់ថា អំណោយដែលយកមកចែកនាពេលនោះ ក្នុង គ្រួសារនីមួយៗទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ជាមួយគ្នានោះដែរ គ្រួសារនីមួយៗទទួលបានក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺ នរៀលទៀត ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

ដោយ សាយ សុន