អ្នកជំនាញផ្នែកអចលនទ្រព្យអះអាងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្ត បង្ហាញនូវសញ្ញាវិជ្ជមានល្អ

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨–អ្នកជំនាញផ្នែកអចលនព្រទ្យបានអះអាងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តបង្ហាញ នូវសញ្ញាវិជ្ជមានល្អ គឺមានការកើនឡើងសន្សឹមៗ ក្នុងចន្លោះ១០ភាគរយ ទៅ១៥ភាគរយ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដី នីតិកាលទី៦ ឆ្នាំ២០១៨នេះរួចមក។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong បានឱ្យដឹងនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះថា ស្ថានភាពទីផ្សារអចលនទ្រព្យក្នុង​ប្រទេសកម្ពុជា នៅតែបន្តមានសកម្មភាពល្អប្រសើរ និងដំណើរការទៅមុខជាធម្មតា ដោយ សារវិនិយោគិន ពុំមានការព្រួយបារម្ភពីស្ថានភាពបោះឆ្នោតនោះទេ។ លោកមើលឃើញថា វិនិយោគិនបរទេស និងក្នុងស្រុក នឹងតែបន្តសំរុកទិញដី សម្រាប់ធ្វើការវិនិយោគ ហើយ គម្រោងថ្មីៗជាច្រើន ក៏បាននិងកំពុងមានវត្តមានជាបន្តបន្ទាប់ផងដែរ។
លោក Li Min អគ្គនាយកក្រុមហ៊ុនចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឱ្យដឹងដែរថា ក្នុងនាមជាវិនិយោគិនបរទេស លោកពុំមានការព្រួយបារម្ភពីស្ថានភាពបោះឆ្នោតនៅកម្ពុជាទេ ដោយលោកនៅតែមើលឃើញពីឱកាសវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ហើយ​បានបើកគម្រោងថ្មីអគារពាណិជ្ជកម្មចំនួនពីរបន្ថែមនៅក្រុងព្រះសីហនុ។ លោកបានបន្តថា គម្រោងអគារពាណិជ្ជកម្មពហុមុខងារថ្មីនៅក្រុងព្រះសីហនុនេះ នឹងអាចចូលរួមឆ្លើយតបទៅ​នឹងកំណើនភ្ញៀវទេសចរអន្តរជាតិ ពិសេសទេសចរចិន ដែលនឹងត្រូវកើនដល់ ២លាននាក់​ក្នុងឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆមាសទី១ឆ្នាំ ២០១៨នេះ ក្រសួងបានអនុម័តគម្រោងសំណង់​ប្រមាណ​១.០០០គម្រោង និងមានទឹកប្រាក់អាចបានកើនឡើងដល់ជាង២.០០០លាន ដុល្លារ៕


ដោយ ម៉ៅ ចរិយា