ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រំលឹកដល់មន្រ្តីទាំងអស់ត្រូវខិតខំបំរើប្រជាពលរដ្ឋឲ្យបានល្អ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ស្រី ផន វាសនា រូបថត លោក អ៊ូ កាណែល៖
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុង​ឱ​កាស ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ១៤.៧០០នាក់នៅ​ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែសីហានេះ។
សម្តេចតេជោ បានបន្តថា ការបោះឆ្នោតអាណត្តិទី៦នេះ គណបក្សប្រជាជនកម្ពុជា បានទទួល​សំ​លេងឆ្នោតគាំទ្រ ដ៏ច្រើនលើសលុប ដែលនេះជាបន្ទុកកាន់តែច្រើនថែមទៀត ដែលតំរូវឲ្យ​សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលជាថ្នាក់ដឹកនាំ ត្រូវតែខិតខំបំ​ពេញ​ការងារឲ្យបានល្អ ក្នុងការបំរើប្រជាពលរដ្ឋ មិនត្រូវជិៈសេះលែងដៃ អាងតែយើងឈ្នះនោះទេ។សម្តេចតេជោ បន្ថែមថា កុំរង់ចាំដល់ពេលយុទ្ធនាការបោះឆ្នោត ទើបចុះជួយប្រជាពលរដ្ឋនោះ ព្រោះនេះមិន មែនជាទំលាប់របស់គណបក្សប្រជាជនកម្ពុជា នោះទេ គណបក្សប្រជាជន​កម្ពុជា​គឺធ្វើការបំរើ ប្រជាពលរដ្ឋគ្រប់ពេល ទីណាមានប្រជាពលរដ្ឋជួបការលំបាក ទីនោះមាន​វត្តមាន​របស់គណបក្សប្រជាជនកម្ពុជា។