សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍រាល់ការធ្វើបាតុកម្ម ប្រឆាំងសម្តេចនៅពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅអឺរ៉ុបនៅខែតុលា ខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ស្រី ផន វាសនា រូបថត លោក អ៊ូ កាណែល៖
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱ​កាស ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ១៤.៧០០នាក់នៅ​ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែសីហានេះ។សម្តេចតេជោ បានបន្តថា នៅអំឡុង​ខែ​តុលា ឆ្នាំ២០១៨ខាងមុខនេះ សម្ដេចនឹងទៅចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប និងកិច្ចប្រជុំអាស៊ានអឺរ៉ុប តប តាមការអញ្ជើញរបស់ប្រធានស្នងការអឺរ៉ុប និងប្រធានគណៈកម្មការអឺរ៉ុប ដោយបានបញ្ជូន​លិខិតចំនួន២ ទី១ គឺអញ្ជើញចូលរួមប្រជុំអាស៊ីអឺរ៉ុប និងទី២ អញ្ជើញប្រជុំអាស៊ានអឺរ៉ុប នៅប្រ​ទេស​ប៊ែលហ្ស៊ិច។
សម្តេចតេជោ បញ្ជាក់ថា ថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែតុលា សម្ដេចនឹងចូលរួមប្រជុំអាស៊ីអឺរ៉ុប និងអា​ស៊ានអឺរ៉ុប ដល់ថ្ងៃទី២០ និងថ្ងៃទី២២ សម្ដេចនឹងទស្សនៈកិច្ចនៅប្រទេសតួកគី នៅថ្ងៃទី២៣ ដល់​ថ្ងៃទី២៥សម្ដេចត្រូវធ្វើដំណើរទៅប្រទេសស្វីស ដើម្បីចូលរួមប្រជុំសន្និសីទអន្ដរជាតិស្ដីពីពា​ណិ​ជ្ជ​​​​កម្ម នៅទីក្រុងហ្សឺណែវ។ ដូច្នេះដែលមាននិន្នាការនយោបាយប្រឆាំង ត្រៀមធ្វើបាតុកម្មប្រឆាំង​ជាមួយសម្ដេចចុះ ប៉ុន្តែជាធម្មតាអ្នកដែលធ្វើបាតុ កម្មប្រឆាំងសម្តេច មិនបាន១០% នៃអ្នកគាំទ្រ​សម្តេចនោះទេ។