ចិន និងម៉ាឡេស៊ី បំបែកក្រុមជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែន

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ — តាមគណៈកម្មការត្រួតត្រាជាតិណាកូទិចជាតិចិនបានឱ្យដឹងកាលពីថ្ងៃពុធថា ប៉ូលិសចិននិងម៉ាឡេស៊ីបានធ្វើការបង្រ្កាបរួបគ្នា ករណីក្រុមជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនមួយ ដោយឃុំឃាំងជនសង្ស័យ ១១នាក់នឹងរឹបអូសយកបានមេតាំហ្វេតាមីនគ្រីស្តាល់ ២៤៥,២គីឡូក្រាម ។

ការផ្សាយព័ត៌មានមួយពីគណៈកម្មការនេះបាននិយាយថា ប្រតិបត្តិការនេះបានចាប់ផ្តើមចេញពីការស៊ើបការណ៍សម្ងាត់ដែលបានរកឃើញកាលពីខែសីហា កន្លងទៅដោយប៉ូលិសនៅក្នុងខេត្តយុនណាន ប្រទេសចិនភាគនិរតីដែលថា ក្រុមជួញដូរគ្រឿងញៀនមួយនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា បានរត់ពន្ធគ្រឿងញៀនទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាធម្មតាក្នុងមួយលើកៗមានទម្ងន់ជាង ១០០គីឡូក្រាម ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ដោយទទួលបានការឱ្យការណ៍សម្ងាត់ពីប៉ូលិសចិននោះ ប៉ូលិសម៉ាឡេស៊ីបានឃុំខ្លួនជនសង្ស័យម្នាក់នាក់ ឈ្មោះ Chew Aik Sim ដែលបានទិញគ្រឿងញៀននោះ ដែលគេបានចោទប្រកាន់​ព្រមទាំងរឹបអូសយកបានមេតាំហ្វេតាមីន៨៩,២គីឡូក្រាមកាលពីក្នុងខែមករា។

បន្ទាប់ពីតួឯកនៃអ្នកជួញដូរនេះប្រទេសទាំងពីរបានធ្វើការជាមួយគ្នា ដើម្បីស៊ើបអង្កេតឈ្មួញ កណ្តាលដែលផ្តល់គ្រឿងញៀនទៅឱ្យឈ្មោះ Chew ដែលនាំទៅរកការចាប់ខ្លួនជនសង្ស័យម៉ាឡេស៊ី ១០ នាក់​ព្រមទាំងរឹបអូសយកបានមេតាំហ្វេតាមីន ១៥៦គីឡូក្រាមកាលពីក្នុងខែកក្កដា។

ដោយសាទរករណីនេះថា ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងថ្នាក់តំបន់ដែលឱ្យផលយ៉ាងល្អនោះសេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រទេសចិនចង់ជំរុញទៅមុខការពង្រឹងច្បាប់រួមគ្នាប្រឆាំងនឹងការជួញដូរឆ្លងកាត់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )