លោក ឡាវរ៉ូវ នឹងចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ — នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov នឹងចូលរួម​ជាសមាជិក​មួយនៃកិច្ចប្រជុំអាស៊ាន ហើយនឹងមានកិច្ចពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ទៀត។ លោកឡាវរ៉ូវបានមកដល់ទីក្រុងសិង្ហបុរី កាលពីថ្ងៃពុធ។ នៅបន្ទាប់ពីកិច្ចប្រជុំអាស៊ាន លោក​ឡាវរ៉ូវ​គឺគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានមួយសម្រាប់អ្នកសារព័ត៌មានរុស្ស៊ី​ នឹងវិលត្រឡប់​ទៅ​កាន់​មាតុប្រទេសវិញនាល្ងាចនោះដែរ។
តាមក្រសួងការបរទេសបានឱ្យដឹងថា កម្មវិធីទស្សនកិច្ចរបស់លោក ឡាវរ៉ូវ ​ដោយរួម​មានទាំង​ការចូល​រួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរុស្ស៊ី-អាស៊ាន។ មន្រ្តីការទូតកំពូលរូបនេះ​នឹងផ្តោតទៅ​លើការថ្លែងសុន្ទរកថារបស់លោក ចំពោះបញ្ហានៃការស្ថាបនាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តជាមួយសមាគមន៍នេះ។

ក្រសួងបាននិយាយថា ខ្លួនគ្រោងនឹងព្រមព្រៀងក្នុងការចាត់វិធានការបន្ថែមទៀត ដើម្បី​ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច សង្គម​​និង​វប្បធម៌ ដោយប្រមើលមើលឃើញពីការរៀបចំកិច្ចប្រេជុំកំពូលមួយផ្សេងទៀត​។

ប្រធានបទផ្សេងៗទៀតដែលនឹងត្រូវថ្លែងនៅក្នុងកិច្ចប្រជុំនោះ នឹងត្រូវបានរួមបញ្ចូលនូវ​ជំហាននានា ដើម្បីពង្រឹងកិច្ចទំនាក់ទំនងអាស៊ាន​ជាមួយនឹងសហភាព​សេដ្ឋកិច្ចអឹរ៉ាស៊ី(EAEU) និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ( SCO ) ជាពិសេសវិធានការនានាក្នុងការធ្វើឱ្យ​ប្រសើរ​ឡើង​នូវកម្មវិធីដោយស្របច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្តា​សមាគន៍​ទាំងនោះ។

ក្រសួងបានគូសបញ្ជាក់ថា រុស្ស៊ីនឹងខិតខំយកចិត្តដាក់យ៉ាងខ្លាំង ដើម្បីពង្រីកកិច្ច​សហ​ប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការឆ្លើយតបទៅនឹងការប្រគួតប្រជែង និងការ​គំរាមកំហែងនាពេលថ្មីៗនេះ។ សារសំខាន់ខ្លាំងបំផុតនៅក្នុងកិច្ចពិគ្រោះយោបល់របស់រុស្ស៊ី ជាមួយបណ្តាប្រទេសអាស៊ាន​គឺកិច្ចខិតខំប្រឹងប្រែង ដើម្បីចាត់វិធានការនានាដែល​បាន​សម្របសម្រួលគ្នា ក្នុងពង្រឹងសន្តិសុខនៃការប្រើប្រាស់ព័ត៌មាន និងកិច្ចទំនាក់ទំនងគ្នាតាម​ប្រព័ន្ធបច្ចេកវិទ្យា៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )