ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាម៉េរិកក្នុងសង្គ្រាមកូរ៉េធ្វើនៅកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ — ពិធីមួយដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាម៉េរិក៥៥នាក់ ដែលស្លាប់ក្នុងអំឡុងសង្គ្រាមកូរ៉េ ឆ្នាំ ១៩៥០-១៩៥៣ ត្រូវបានគេធ្វើឡើងក្នុងប្រទេសកូរ៉េខាងត្បូង កាលពីរសៀលថ្ងៃពុធនេះ ។

ពិធីធ្វើមាតុភូមិនិវត្តន៍នេះ ត្រូវបានគេធ្វើឡើងនៅក្នុងមូលដ្ឋានអាកាស Osan ចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ខាងត្បូងរដ្ឋធានីសេអ៊ូល ចាប់ពីម៉ោង៥ល្ងាចម៉ោងក្នុងស្រុក ។ ចូលរួមក្នុងពិធីនោះ គឺរដ្ឋមន្ត្រីការពារប្រទេសកូរ៉េខាងត្បូង លោក សុង យុង-មូ ( Song Yong -moo) ឧត្តមសេនិយ វាំងសង់ប្រ៊ុក ( Vincent Brooks ) មេបញ្ជាការកងកម្លាំង ស.រ.អា នៅកូរ៉េ ( USFK ) នឹងឯកអគ្គរដ្ឋទូតអាម៉េរិកនៅកូរ៉េខាងត្បូង លោក ហារី ហារីស ( Hary Harris ) ។

ពិធីនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានប្រគល់អដ្ឋិធាតុចំនួន៥៥នាក់កាលពីថ្ងៃទី២៧ខែកក្កដា ។ តាមការផ្សាយព័ត៌មានបញ្ជាការ អ.ស.ប មួយឱ្យដឹងថា អដ្ឋិធាតុប្រមាណ ៦២៩នាក់ត្រូវបាន គេរក ឃើញចាប់តាំងពីឆ្នាំ ១៩៩០មក ។ កូរ៉េខាងជើងគេរាយការណ៍ថា បានស្គាល់អដ្ឋិធាតុប្រហែល២០០ នាក់ ដែលគេជឿថាជាកងទ័ពអាម៉េរិក ដែលបានស្លាប់នៅក្នុងសង្គ្រាមនោះ ។

តាមបញ្ជាការ អ.ស.ប ឱ្យដឹងថា យន្តហោះដឹកជញ្ជូនយោធាC-17 Globemaster របស់អាម៉េរិក២គ្រឿងនឹង ដឹកអដ្ឋធាតុទាំង៥៥នាក់នៃអ្នកស្លាប់ក្នុងសង្គាមអាម៉េរិកនេះទៅកាន់មន្ទីរ ពិសោធន៍មួយរបស់ POW /MIA ACCounting Agency ( DPAA ) ក្រសួងការពារប្រទេសអាម៉េរិកនៅឯមូលដ្ឋានរួម Pearl Harobor-Hickam ក្នុងរដ្ឋហាវ៉ៃ ។

ក្នុងមន្ទីរពិសោធន៍ DPAA នៅហាវ៉ៃ អ្នកប្រវត្តិសាស្ត្រនិងពួកអ្នកវិទ្យាសាស្ត្រអាម៉េរិកនឹងធ្វើការ ជួយរកអត្តសញ្ញាណមុននឹងអដ្ឋិធាតុទាំងនេះ ត្រូវបានគេប្រគល់ទៅឱ្យសាច់ញាតិយកទៅបញ្ចុះ ។ អដ្ឋិធាតុទាំងនេះត្រូវបានគេត្រួតពិនិត្យ និងចាត់ជាក្រុមរួចស្រេចហើយនៅឯមូលដ្ឋានអាកាស Osan ដោយ DPAA ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ ខែកក្កដា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)