រាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ នឹងបង្កើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ស្រី ផន វាសនា អត្ថបទ លោក អ៊ូ កាណែល៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាស ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ១៤.៧០០នាក់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែសីហានេះ។សម្តេចតេជោ បានបន្តថា នៅថ្ងៃទី២១ ខែកញ្ញា គណរដ្ឋមន្រ្តីថ្មី នឹងបើកកិច្ចប្រជុំរបស់ខ្លួនជាលើកដំបូង។សម្តេចតេជោ បានបញ្ជាក់ពីមូលហេតុ ហេតុអ្វី បាន ជាយើងត្រូវរង់ចាំរហូតដល់ខែកញ្ញា ទើបបង្កើតរាជរដ្ឋាភិបាលថ្មី ខណៈដែលប្រទេសខ្លះ ដូចជា ប្រទេសម៉ាឡេស៊ី ជប៉ុន និងប្រទេសមួយចំនួនទៀត បោះឆ្នោតថ្ងៃហ្នឹង គឺបង្កើតរដ្ឋាភិបាលថ្ងៃ ហ្នឹងតែម្តង ប៉ុន្តែសំរាប់ប្រទេសកម្ពុជាយើងវិញ គឺយើងទុកពេលវេលាតាមដំណាលក់កាលៗ ដោយទុកឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោះស្រាយរាល់បញ្ហាផ្សេងៗដែលអាច កើតមានឡើង បន្ទាប់ពីបញ្ចប់ការបោះឆ្នោត។

ទោះបីជាដំណាក់កាលនេះ គ្រប់បណ្តាគណបក្សនយោបាយសុទ្ធតែបានដឹងពីលទ្ធផលរបស់ខ្លួនក៏ដោយ ប៉ុន្តែយើងទុកឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាអ្នកធ្វើការ និងប្រកាសលទ្ធផលនេះ។