កិច្ចចរចាបានដំណើរការទៅហើយដើម្បីឱ្យ IS ដោះលែងចំណាប់ខ្មាំង នៅស្វេដាប្រទេសស៊ីរីភាគខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ — ក្រុមត្រួតពិនិត្យមើលមួយរាយការណ៍ពីថ្ងៃអង្គារថា កិច្ចចរចាបានដំណើរការទៅហើយរវាងយោធា ស៊ីរីនិងរដ្ឋអ៊ីស្លាម ( IS )សម្រាប់ការដោះលែងចំណាប់ខ្មាំងដែលបានចាប់ដោយក្រុមភេរវជននេះ ក្នុង ប្រទេសស៊ីរីភាគខាងត្បូង ក្នុងអំឡុងការវាយប្រហារមួយកាលពីពេលថ្មីៗនេះ ។
ភាគីទំាងពីរកំពុងធ្វើកិច្ចចរចាដោះលែងចំណាប់ខ្មាំង៣០នាក់ ដែលបានចាប់ពង្រត់ដោយ IS នៅ ស្វេដា ដែលរួមមានស្ត្រី១៤នាក់ និងកូនក្មេង១៦នាក់ ក្នុងការប្តូរគ្នាសម្រាប់ការទទួលយករបស់កងកម្លាំង រដ្ឋាភិបាល ដើម្បីផ្តល់ឱ្យមានការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់ពួកសកម្មប្រយុទ្ធ IS ចំនួន១០០នាក់ ដែលជាសមាជិក IS ចុងក្រោយនៅក្នុងខេត្តដារ៉ាអា នៅភាគខាងត្បូងក្បែរស្វេដា ។

កន្លែងសង្កេតមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា IS ចង់ឱ្យពួកយុទ្ធជនរបស់ខ្លួនត្រូវបានគេ ជម្លៀសទៅកាន់តំបន់ដែល IS កាន់កាប់នៅក្នុងតំបន់វាលខ្សាច់ស៊ីរី ។ កាលពីថ្ងៃពុធកន្លងទៅពួកសកម្មប្រយុទ្ធ IS បានបើកការវាយប្រហារមានទ្រង់ទ្រាយធំមួយទៅលើ ទីជនបទភាគខាងកើតរបស់ស្វេដា ព្រមទាំងធ្វើការបំផ្ទុះគ្រាប់បែកជាច្រើនគ្រាប់នៅខាងក្នុងទីក្រុងនេះ ដែលសម្លាប់មនុស្ស២៥៥នាក់ និងរបួសរាប់រយនាក់ទៀត ។

ចំនួនស្លាប់គឺខ្ពស់បំផុតនៅស្វេដា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមស៊ីរីកាលពី៧ឆ្នាំកន្លងទៅនេះ។ គោលបំណងនៃការវាយប្រហាររបស់ IS គឺដើម្បីឱ្យរួចផុតពីការកៀបសង្កត់ដោយយោធាទៅលើ តំបន់ដែល IS កាន់កាប់នៅដីសណ្ត Yarmouk ក្នុងទីជនបទភាគខាងលិច ដែលនៅជិតខាងនៃខេត្តដារ៉ាអា។ ក្នុងអំឡុងការវាយប្រហាររបស់ពួកគេនោះ ពួកសកម្មប្រយុទ្ធ IS បានចាប់ពង្រត់ស្តី្រនិងកូនក្មេងព្រមទាំងចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ។
គេបានរាយការណ៍ពីសេណារីយ៉ូ ជាច្រើនក្នុងពេលពីរបីថ្ងៃកន្លងទៅនេះ ប៉ុន្តែកន្លែងសង្កេតមើល នោះបាននិយាយពីថ្ងៃអង្គារថា យោធាចាប់យកបានតំបន់ដីសណ្ត Yarmouk ទាំងស្រុង ក្នុងពេល២៤ម៉ោង កន្លងទៅនេះ ។
កន្លែងសង្កេតមើលនោះបាននិយាយថា កងកម្លាំងយោធាកំពុងតាមប្រម៉ាញ់ពួកយុទ្ធជន IS ចំនួន ១០០ នាក់ ដែលកិច្ចចរចាកំពុងតែធ្វើឡើងនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)