កូរ៉េខាងត្បូងនិយាយថា ខ្លួនកំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធបំផុត ពីការអភិវឌ្ឍកម្មវិធីមីស៊ីលកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃអង្គារ ក្រសួងការបរទេសក្រុងសេអ៊ូលបាននិយាយបន្ទាប់ពីរបាយការណ៍​មួយ​ដែលរៀបចំ​ឡើងដោយប្រទេសកុំមុយនីស្តមួយនេះ ក្នុងការស្ថាបនានូវមីស៊ីលផ្លោងឆ្លង​ទ្វីប (ICBM) ថ្មីមួយថា ប្រទេសកូរ៉េខាងត្បូងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុតពីការវិវឌ្ឍនានា​ ដែលជាប់ទាក់ទងទៅនឹងកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង ។
អនុអ្នកនាំពាក្យក្រសួងការបរទេស លោក Kim Deuk-hwan បាននិយាយក្នុងអំឡុង​ពេល​សន្និសីទ​សារព័ត៌មានជាទៀងទាត់ដោយសង្ខេបថា រដ្ឋាភិបាលគឺកំពុងឃ្លាំមើលយ៉ាង​យក​ចិត្តទុកដាក់បំផុត ដែលជាប់ទាក់ទងទៅនឹងការអភិវឌ្ឍនានានៅក្នុងការសម្របសម្រួល​រវាង​ពួកអាជ្ញាធរកូរ៉េខាងត្បូង និងអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យមិនបាននិយាយលម្អិតអំពីបញ្ហាទាំងនេះទេ ដោយនិយាយថា យើងមិនអាចអះអាងអ្វីពីរឿងនេះទេ។

កាសែតវ៉ាស៊ីងតោនប៉ុស្តិ៍បានរាយការណ៍ ដោយយោងតាមពួកមន្រ្តីនានាដែលមិនឱ្យបញ្ចេញឈ្មោះថា ភ័ស្តុតាងដែលទទួលបាននាពេលថ្មីៗនេះ ដោយរួមមានទាំងរូបភាពថត​តាម​ផ្កាយរណបថ្មីៗ បានសរបញ្ជាក់ឱ្យដឹងថា​ ការងារនេះគឺស្ថិតនៅក្រោមមធ្យោបាយថ្មីមួយ និង ICBMs ចំនួនពីរដែលមានលទ្ធភាពស្ថិតនៅកន្លៃងស្រាវជ្រាវដ៏ធំមួយនៅ Sanumdong ជាយក្រុងព្យុងយ៉ាង៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )