មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងធ្វើទស្សនកិច្ចកូរ៉េខាងជើង ត្រួតពិនិត្យមើលការរៀបចំការជួបជុំគ្រួសារដែលបែកបាក់គ្នា

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ — ក្រសួងបង្រួបបង្រួមរបស់ក្រុងសេអ៊ូលបាននិយាយពីថ្ងៃអង្គារនេះថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង មួយរូបនឹងធ្វើទស្សនកិច្ចកូរ៉េខាងជើងនៅថ្ងៃពុធនេះ ដើម្បីត្រួតពិនិត្យមើលការរៀបចំដែលកំពុងប្រព្រឹត្តិទៅ សម្រាប់ការជួបជុំគ្នាគ្រួសារកូរ៉េ ដែលបំបែកចេញពីគ្នាឆ្លងកាត់ព្រំដែនអន្តរកូរ៉េ ។

អនុរដ្ឋមន្ត្រីបង្រួបបង្រួម លោក Chun Hae-sung នឹងធ្វើទស្សនកិច្ចកន្លែងលំហែកាយភ្នំគុមហ្គាង នៅលើឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងជើងនៅថ្ងៃពុធនេះ ដើម្បីត្រួតពិនិត្យមើលការងារថែទាំសម្រាប់កន្លែងលំហែកាយ ដែលមានទេសភាពល្អ ជាកន្លែងមួយសម្រាប់ការជួបជុំគ្នានៃគ្រួសារដែលបែកបាក់គ្នា ។ ក្រុងសេអ៊ូលនិងក្រុងព្យុងយ៉ាងបានព្រមព្រៀងធ្វើការជួបជុំគ្រួសារកូរ៉េ ដែលត្រូវបានគេបំបែកចេញ ពីគ្នា ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ដែលបានបញ្ចប់ជាមួយយុទ្ធសន្តិភាពចាប់ពីថ្ងៃទី២០ ដល់ ២៦ ខែសីហា នៅឯភ្នំគុមហ្គាង ។

កម្មករនិងពួកអ្នកបច្ចេកទេសប្រហែល៥០នាក់ មកពីកូរ៉េខាងត្បូងបាននឹងកំពុងធ្វើការងារ លើការ ថែទាំចាប់តាំងពីថ្ងៃទី៩ ខែកក្កដាមក ដើម្បីរៀបចំសម្រាប់ព្រឹត្តិការណ៍នៃការជួបជុំគ្នា ដែលនឹងជាលើក ដំបូងនៃការធ្វើបែបនេះចាប់តាំងពីខែតុលា ឆ្នាំ ២០១៥មក ។ ការជួបជុំគ្នានេះនឹងជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីអនុវត្តន៍សេចក្តីប្រកាសប៉ានមុនហ្សូម ដែល ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន ( Moon Jae-in ) នឹងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម- ជុង អ៊ុន ( Kim Jong un )បានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ខ្លួន កាលពីថ្ងៃទី២៧ ខែមេសា នៅឯភូមិព្រំដែនប៉ានមុនហ្សូម ។

លោក មូន និងលោក គីម បានព្រមព្រៀងគ្នាធ្វើព្រឹត្តិការណ៍មនុស្សធម៌នេះប្រហែលនៅថ្ងៃទី១៥ ខែសីហា ជាថ្ងៃមួយដែលកត់សម្គាល់ខួបទី៧៣ នៃការរំដោះឧបទ្វីបកូរ៉េចេញពីអាណានិគមនិយមជប៉ុនឆ្នាំ ១៩១០-១៩៤៥ ។
កូរ៉េទាំងពីរបានព្រមព្រៀងគ្នាអនុញ្ញាតឱ្យគ្រួសារដែលបែកបាក់គ្នាចំនួន១០០មកពីភាគីនីមួយៗ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍នៃការជួបជុំគ្នានេះ ។ បញ្ជីឈ្មោះពួកអ្នកចូលរួមត្រូវបានគេគ្រោងបញ្ចប់នៅថ្ងៃសៅរ៍ខាងមុខនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )