រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ីប្រគល់ការអញ្ជើញមេដឹកនាំ កូរ៉េខាងជើងឱ្យចូលរួមពីធីបើកកីឡាអាស៊ីលើកទី១៨

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ — សេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ីបាននិយាយថា រដ្ឋមន្ត្រីសម្របសម្រួលសម្រាប់វប្បធម៌ និងកិច្ចការអភិវឌ្ឍន៍មនុស្សរបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី ពួន មហារ៉ានី( Puan Maharani ) បានពាំនាំនូវការអញ្ជើញជាផ្លូវការរបស់ប្រទេសជាម្ចាស់ផ្ទះ Asiad ដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ( Kim Jong un ) ដែលបានទទួលដោយប្រធានប្រើស៊ីដយ៉ូម នៃ សភាប្រជាជនកំពូលកូរ៉េខាងជើងលោក គីម យ៉ុង- ណាម ( Kim Yong-nam ) ។
សេចក្តីថ្លែងការណ៍នោះបាននិយាយពីថ្ងៃថា ការប្រគល់ការអញ្ជើញ លោក គីម ជុង អ៊ុន ឱ្យចូលរួមពិធីបើក Asiad នេះ​ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំសំដែងការគួរសមមួយកាលពីពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី និង លោក គីម យ៉ុងណាម ក្នុងក្រុងព្យុងយ៉ាង ។

គេបានដកស្រង់សំដីលោកស្រី ពួន ដែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ក្នុងសម័យប្រជុំនោះថា យើងសង្ឃឹមយ៉ាងខ្លាំងនូវឆន្ទៈរបស់មេដឹកនាំកូរ៉េខាងជើងក្នុងការធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី​ ព្រមទាំងចូលរួមព្រឹត្តិការណ៍បើកល្បែងកីឡាអាស៊ី ឆ្នាំ​២០១៨ ក្នុងក្រុងហ្សាការតា ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ហ្សូកូ វីដូដូ ( Joko Widodo ) ក៏បានចុះហត្ថលេខាផងដែរលើការអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងឱ្យចូលរួមព្រឹត្តិការណ៍ដូចគ្នានេះ ។ ក្រៅពីការប្រគល់ឱ្យដោយផ្ទាល់ខ្លួន ការអញ្ជើញនេះលោកស្រី ពួន ក៏បានពាំនាំនូវអំណរគុណយ៉ាងខ្លាំងផងដែរដល់ការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើងដល់ប្រទេសឥណ្ឌូណេស៊ី ក្នុងការធ្វើជាម្ចាស់ផ្ទះល្បែងកីឡាអាស៊ីលើកទី១៨នេះ ។

លោកស្រីបាននិយាយថា ល្បែងកីឡាអាស៊ី អាចធ្វើជាកម្លាំងចលករមួយក្នុងការភ្ជាប់នូវភាតរភាពនៃបណ្តាប្រទេសអាស៊ី និងតំបន់ , ជំរុញសន្តិភាព ក្នុងតំបន់ដែលរួមបញ្ចូលទាំងការផ្តួចផ្តើមគំនិតសន្តិភាព ដែលដំណើរការរបស់វាបន្តអភិវឌ្ឍន៍នៅពេលបច្ចុប្បន្ននេះ ។

ក្នុងអំឡុងទស្សនកិច្ចរបស់លោកស្រីនៅក្រុងព្យុងយ៉ាង លោកស្រី ពួន ក៏បានជួបផងដែរជាមួយឧបនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក រី យ៉ុង- ណាម ( Ri Ryong –nam ) ។ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាពីមធ្យោបាយរុករកនូវទំនាក់ទំនងទ្វេភាគីក្នុងផ្នែកសង្គមនិងវប្បធម៌ , កីឡា, នេសាទ និង សេដ្ឋកិច្ច ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )