ហ្វីលីពីនប្តេជ្ញាជំរុញចំណងទាក់ទងអាស៊ាន- ចិនក្នុងឋានៈជាអ្នកសម្របសម្រួល

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក អាឡាន ភីធឺរ កាយ៉េតាណូ ( Alan Peter Cayetano ) បាននិយាយពីថ្ងៃអង្គារថា ប្រទេសរបស់លោកបានប្តេជ្ញាដើរតួនាទីប្រកបដោយការស្ថាបនាមួយ ក្នុងការជំរុញនូវទំនាក់ទំនងអាស៊ាន-ចិន នៅពេលដែលខ្លួននឹងទទួលបន្ទុកតួនាទីជាប្រទេសអ្នកសម្របសម្រួលអាស៊ាន – ចិន នៅចុងឆ្នាំនេះ ។

លោក កាយ៉េតាណូ បានប្រាប់ពួកអ្នកកាសែតមុនចេញដំណើរទៅសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ព្រមទាំងកិច្ចប្រជុំដែលមានជាប់ទាក់ទងថា យើងនឹងដើរតួនាទីធ្វើជាស្ពានឬ ជាអាជ្ញាកណ្តាល ( ក្នុងការជំរុញសម្រាប់ផលប្រយោជន៍រួម ដើម្បីធ្វើឱ្យមានការជឿនលឿនភាពជាដៃគូសន្ទនា ) ។

លោកបាននិយាយថា ប្រទេសហ្វីលីពីននឹងដើរតួនាទីយ៉ាងសំខាន់មួយក្នុងឋានៈជាប្រទេសអ្នកសម្របសម្រួលចាប់ពីឆ្នាំ ២០១៨ ដល់ ២០២១ ។ ដោយនិយាយយោងទៅរកច្បាប់ទូន្មាននៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីកាត់បន្ថយនូវភាពតាន តឹងក្នុងតំបន់នោះ លោកបាននិយាយថា យើងមានពេលយ៉ាងល្អបំផុតមួយដែលមិនគ្រាន់តែ ដើម្បីដាក់ បញ្ចូលប៉ុណ្ណោះទេ ថែមទាំងធ្វើជាផ្នែកនៃច្បាប់ទូន្មានទាំងមូល គឺការការពារបរិស្ថានសមុទ្រ ។
អាស៊ាននិងចិនបច្ចុប្បន្នកំពុងធ្វើកិច្ចចរចាច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូង ដែលភាគីទាំងពីរសង្ឃឹមថា នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ។

រដ្ឋសមាជិកអាស៊ាន បានប្តូរវេនគ្នាក្នុងការធ្វើជាប្រទេសអ្នកសម្របសម្រួលមួយ សម្រាប់ធ្វើទំនាក់ ទំនងការសន្ទនាគ្នានីមួយៗ ។ ប្រទេសហ្វីលីពីននឹងធ្វើជាប្រទេសអ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងការសន្ទនាគ្នាអាស៊ាន-ចិន ចាប់ពីខែ សីហា ឆ្នាំ ២០១៨​ទៅ ។

ការចូលរួមជាផ្លូវការរបស់អាស៊ានជាមួយដៃគូសន្ទនារបស់ខ្លួនបានចាប់ផ្តើមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ជាមួយសន្និសីទ បន្ទាប់ពីថ្នាក់រដ្ឋមន្ត្រីដែលនៅទីនោះរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបជាមួយសមភាគីរបស់ខ្លួនមកពីភាគីខាងក្រៅដូចជា អាស៊ាន-ចិន ជាដើម ។

បច្ចុប្បន្នអាស៊ាន មានដៃគូសន្ទនាចំនួន១០ គឺប្រទេសអូស្ត្រាលី , កាណាដា , ចិន ,សហភាពអឺរ៉ុប​, ឥណ្ឌា , ជប៉ុន , កូរ៉េខាងត្បូង , នូវែលហ្សេឡង់ , រុស្ស៊ី និង ស.រ.អា ។ ភាពជាដៃគូសន្ទនាអាស៊ាន ត្រូវបានបង្ហាញឱ្យឃើញតាមរយៈការផ្លាស់ប្តូរ និងការសន្ទនាគ្នាថ្នាក់ ខ្ពស់ជាទៀងទាត់ដែលរួមមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូល ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )