អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលផ្លូវ៦០ម៉ែត្រ

AKP សៀមរាប ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨–​កំណាត់ផ្លូវ៦០ម៉ែត្រ ចាប់ពីស្ពាននាគរហូតដល់រង្វង់មូលអាជ្ញាធរជាតិអប្សរា ​ដែលបានទទួលរងនូវការខូចខាតខ្លាំងគួរសមដែរនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើម ជួសជុលយ៉ាងសស្រាក់សស្រាំហើយ ដែលការជួសជុលនេះបានចាប់ផ្តើមឡើង កាលពីថ្ងៃ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃ អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កំណាត់ផ្លូវនេះបានទទួលរងនូវការខូចខាត ដោយសារទឹកភ្លៀងនិងកំណើនអ្នកទេសចរ។

ដោយពិនិត្យមើលឃើញពីស្ថានភាព លំបាកនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងក្រុងនេះហើយ ទើបអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការជួសជុលនៅកន្លែងដែលខូចខាតទាំងនេះ យ៉ាងសស្រាក់សស្រាំឱ្យបានទាន់ពេលវេលាមុនភ្លៀងធ្លាក់មកទៀត។

លោក ហេង គឹមឡេង ជួសមុខឱ្យអាជ្ញាធរជាតិអប្សរា សូមធ្វើការយោគយល់អធ្យា ស្រ័យពីសំណាក់អ្នកធ្វើដំណើរឆ្លងកាត់ទាំងអស់ ចំពោះភាពយឺតយ៉ាវក្នុងការចាប់ ផ្តើមជួស ជុលនេះ ក៏ព្រោះតែជារដូវវស្សា ហើយមានភ្លៀងធ្លាក់ជាច្រើនថ្ងៃដែលមិន អនុគ្រោះដល់ការ ជួសជុល ទើបបណ្តាលឱ្យមានការពន្យារពេលរហូតដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ។

គួរបញ្ជាក់ថា កំណាត់ផ្លូវ៦០ម៉ែត្រនេះមានចម្ងាយប្រមាណជាកន្លះគីឡូម៉ែត្រប៉ុណ្ណោះ តែវាជាផ្លូវទេសចរណ៍ និងផ្លូវរដ្ឋបាលដ៏សំខាន់បំផុតនៅក្នុងក្រុងសៀមរាប ព្រោះវាជាកំណាត់ផ្លូវឆ្ពោះទៅកាន់តំបន់រដ្ឋបាលសាលាខេត្តសៀមរាបនៅពេលថ្ងៃ និងជាផ្លូវទៅកាន់តំបន់កម្សាន្តពេលរាត្រីដ៏មានប្រជាប្រិយភាពនៃអង្គរឃ្យុងយូ៕

ដោយ​ ហង្ស សៀក