ស្ថានទូតជប៉ុន នឹងរៀបចំការប្រកួតជ្រើសរើសបេក្ខជនចូលរួមកម្មវិធី JENESYS 2018

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨–​ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នឹងរៀបចំការ ប្រកួតជ្រើសរើសបេក្ខជន ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2018។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជា ណាចក្រកម្ពុជានាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ។

​ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា និសិ្សតឆ្នាំទី៣ គ្រប់ជំនាញនៃសាកលវិទ្យាល័យ ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យចូលរួមការប្រកួតនេះបាន។ ទន្ទឹមនេះ និសិ្សត២០រូប ស្មើនឹង៥ក្រុម នឹងត្រូវជ្រើសរើសនៅវគ្គប្រកួតផ្តាច់ព្រ័ត្រ ដើម្បីចូលរួមកម្មវិធី JENESYS 2018។​ជាមួយគ្នានេះ បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួម វគ្គប្រកួតផ្តាច់ព្រ័ត្រ ត្រូវរៀបចំ បទបង្ហាញជាភាសាខ្មែរ ក្រោមប្រធានបទ “អនាគតកម្ពុជា៣០ឆ្នាំក្រោយ” ។

​សូមបញ្ជាក់ថា សម្រាប់កម្មវិធីនេះ ផុតកំណត់ទទួលពាក្យ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅស្ថានទូតជប៉ុន ហើយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នឹងប្រកាសលទ្ធផល បេក្ខជនដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅលើគេហទំព័រស្ថានទូតជប៉ុន។ ចំពោះការប្រកួត វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ម៉ោង២រសៀល នៅ CJCC
ទស្សនកិច្ចនៅប្រទេសជប៉ុន ក្រោមកម្មវិធី JENESYS 2018៖ ចាប់ពីថ្ងៃទី២២ ដល់ ២៩ ខែមករា ឆ្នាំ២០១៩ខាងមុខ៕

ដោយ អ៊ុន រិទ្ធី