អាជ្ញាធរខេត្តក្រចេះ អំពាវនាវអោយប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់លើបញ្ហា សុខភាពនិងសុវត្ថិភាព

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ស្រី ឌីណេ រូបថត លោក ចន ណារិទ្ធ៖

អាជ្ញាធរខេត្តក្រចេះ អំពាវនាវអោយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ លើបញ្ហាសុខភាព និងសុវត្ថិភាព ខណៈដែលស្ថានភាពទឹកជំនន់ទន្លេមេគង្គ បានឈានដល់ការគំរាមកំហែង លិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ។

លោក ប៉ែន លីណាត អ្នកនាំពាក្យរដ្ឋបាលខេត្តក្រចេះបានណែនាំដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ឬរស់នៅទីទួលសុវត្ថិភាព ត្រូវរស់នៅស្អាតហូបស្អាត ពិសេសការបរិ ភោគទឹកដែលដាំពុះកុំអោយកើតជម្ងឺឆ្លងឬជម្ងឺរាតត្បាតនានាដែលនាំអោយប៉ៈពាល់ ដល់ សុខភាព។

លោក បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃទី១ ខែសីហាថា ក្រៅពីថែរក្សាសុខភាព ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ពិសេសក្មេងៗត្រូវការពារពួកគាត់អោយនៅឆ្ងាយពីទឹក ហើយ ត្រូវចូលរួមសហការជាមួយអជ្ញាធរ ដើម្បីបង្ការបញ្ហានានាដែលកើតមាន ពីទឹកជំនន់ទន្លេមេគង្គនេះ។ លោកបន្តថា មកដល់ពេលទឹកទន្លេមេគង្គបានបន្តកើនឡើង ជិតដល់កម្រិតប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបានប៉ះពាល់ដល់ស្រុកចំនួន៤មានដូចជា ស្រុកសំបូរ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្ធ ស្រុងឆ្លូង នឹងក្រុងក្រចេះ។

លោក ប៉ែន លីណាត បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងរដូវ ទឹកតម្លើនេះ អជ្ញាធរខេត្តបានត្រៀមបង្ការមធ្យោបាយជាច្រើន ដូចជាទីទួលសុវត្ថិភាព ស្បៀង អាហារ ថ្នាំដង្កូវ មន្រ្តីសុខាភិបាល និងសម្ភារៈមួយចំនួនទៀតដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះអោយបានទាន់ពេលវេលាដោយមានកិច្ចសហការចូលរួមពីអជ្ញាធរស្រុកក្រុង ស្ថានប័នពាក់ព័ន្ធ មន្ទីរអង្គភាព អង្គការដៃគូ និងសង្គមស៊ីវិលពាក់ព័ន្ធជុំវិញខេត្ត និងក្រុមអន្តរាគមន៍ជួយសង្រ្គោះបន្ទាន់ ផងដែរ៕