អាជ្ញាធរខេត្តបន្ទាយមានជ័យជួយរំដោះជំនន់ទឹកភ្លៀងដែល​កំពុង​ប៉ះពាល់​ដំណាំ​ស្រូវ កសិករស្រុក​មង្គលបូរី

AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ -អាជ្ញាធរដែនដីរួម​នឹងមន្ត្រីជំនាញ​កសិករ​ខេត្តបន្ទាយមានជ័យ​បាននឹងកំពុងប្រឹងប្រែង​យកចិត្តទុកដាក់​ចុះអន្តរាគមន៍​ជួយ​​រំដោះជំនន់​ទឹកភ្លៀងដែលបានជន់លិចប៉ះពាល់​ដំណាំស្រូវស្រាលបង្កើន​រដូវប្រមាណ​ជាង ២.០០០ហិកតា របស់កសិករនៅមូលដ្ឋានមួយចំនួនក្នុង​​ស្រុក​មង្គលបូរី ដែល​កំពុង​ទុំ​ដល់ពេលប្រមូលផលហើយនោះ។

លោក យឹម ប៊ុនរ៉ុម​ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានឱ្យ​ដឹងកាលពីរសៀលថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវ​នឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ថា ដោយសារតែមានភ្លៀងធ្លាក់​ខ្លាំងនៅប៉ែកខាង​លើនៃស្ទឹងមង្គល បូរី ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បណ្តាលឱ្យមានទឹកជំនន់នេះ​កើតឡើង​ធ្វើឱ្យប៉ះពាលដល់ស្រូវ​ស្រាលបង្កើនរដូវនារដូវវស្សារបស់ប្រជា​កសិករចំនួន៥ឃុំ គឺ​ឃុំបត់ត្រង់ ឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក និងឃុំឬស្សីក្រោកក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យប្រមាណជាង២.០០០ ហិកតា ដែល​កន្លែងខ្លះស្រូវទុំកំពុងប្រមូល​ផល​ និងខ្លះទៀតមិនទាន់ទុំនៅឡើយ។

​លោក យឹម ប៊ុនរ៉ុម បានឱ្យដឹងដែរថា ជាដំណោះស្រាយចំពោះមុខ មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត បានអន្តរាគមន៍បើកទ្វារទឹក ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រពាក់ព័ន្​ធមួយចំនួន ដើម្បីជួយសម្រួលដល់ការរំដោះទឹកជំនន់ចេញពីក្នុងស្រែ ។ ជាមួយគ្នានេះ​មន្ទីរក៏កំពុង រៀបចំដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម​ចំនួន២គ្រឿង ដើម្បីជួយដល់​ការងារ​អន្តរាគមន៍ ខាងលើនេះផងដែរ ធ្វើយ៉ាងណាធានានូវការប្រមូលផល របស់​កសិករ​បានទាន់ពេលវេលា ។

ប្រជាកសិករនៅក្នុងតំបន់រងគ្រោះនេះប្រាប់ឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហានេះ ជា បណ្តោះអាសន្ន ពួកគាត់បានបង្ខំចិត្តប្រមូលផលស្រូវទាំងមិនទាន់គ្រប់អាយុកាល។ ជាមួយ គ្នានេះដែរប្រជាកសិករយើង​ក៏បានរួមជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរធនធាន​ទឹកបាន​ខិតខំ ប្រឹងប្រែងរកវិធីដោះស្រាយ ដើម្បីបញ្ចៀសទឹកជំនន់នេះ​ផងដែរតាមរយៈ​ការដាក់ម៉ាស៊ីន​មូប រំដោះទឹកចេញពីប្រឡាយរងនានាដែល​នៅតាមតំបន់ប៉ះពាល់​នេះ​បញ្ចូលមកក្នុងស្ទឹងមង្គលបូរី ៕

ដោយ ឈុន សារ៉ាត