តួកគីថា ភាសាគំរាមកំហែងរបស់អាមេរិកមិនអាចទទួលយកបាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ — ក្រុមប្រឹក្សាសន្តិសុខជាតិតួកគីបាននិយាយពីថ្ងៃចន្ទថា ការប្រើភាសាគំរាមកំហែងមួយរបស់ ស.រ.អា ប្រឆាំងប្រទេសតួកគី មិអាចទទួលយកបាននិងមិនគួរឱ្យគោរព ។

ក្រុមប្រឹក្សានេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំហរស.រ.អា លើគំរោងឧស្សាហកម្មការពាររបស់តួកគី នឹងបង្កឱ្យមានការខូចខាតដែលមិនអាចកែឡើងវិញ បានដល់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទែសទាំងពីរ ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សានេះ បានកោះប្រជុំជាលើកដំបូង នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក រ៉េសេបតាយីប អែរដូហ្គាន (​Recep Tayyip Erdogan ) ចាប់តាំងពីលោក សម្ពោធចូលកាន់តំណែងកាលពីដើមខែនេះនៅពេលដែលប្រព័ន្ធប្រធានាធិបតីតួកគីបានចូលជាធរមាន។

ទំនាក់ទំនងរវាងតួកគី និង ស.រ.អា មានភាពសៅហ្មង លើការកាត់ទោស ប៉ាស្ទ័រអាមេរិកលោក ​អានឌ្រូ ប្រ៊ុន សាន់ (​Andrew Brunson ) ដែលគេបានចាប់ខ្លួននៅក្នុងប្រទេសតួកគី ក្នុងខែធ្នូ ឆ្នាំ២០១៦។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump ) បានពណ៌នា លោក ប្រ៊ុន សាន់ នៅក្នុង Tweet របស់លោក ថា ជា « មនុស្សគ្រឹស្តសាសនា ជាគ្រួសារដ៏ធំមួយ នឹងជាមនុស្សដ៏អស្ចារ្យ » ដោយគំរាមដាក់ទណ្ឌកម្មលើប្រទេសតួកគី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )