អូស្រ្តាលីបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop កំពុងធ្វើទស្សនកិច្ចនៅប្រទេសទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ៧ ខែសីហា ដើម្បីបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ប្រទេសខ្លួនក្នុងការបន្តធ្វើជាដៃគូនាំមុខគេ ទៅកាន់បណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ី អាគ្នេយ៍។
នៅក្នុងរដ្ឋធានី Dili លោកស្រីមានគម្រោងជួបប្រជុំជាមួយមេដឹកនាំនៃរដ្ឋាភិបាលទីម័រខាងកើត។ ភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ស្តីពីការបកទំព័រថ្មីមួយផ្នែកសន្តិសុខ កិច្ចអភិវឌ្ឍន៍ និងសេដ្ឋកិច្ច នៅក្នុងទំនាក់ទំនងអូស្ត្រាលី និងទីម័រខាងកើត ព្រមទាំងក្រោយពីការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការបង្កើតដែនសមុទ្រអចិន្រ្តៃយ៍។

នៅប្រទេសម៉ាឡេស៊ី លោកស្រី Bishop នឹងចូលរួមជាមួយសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលថ្មី និង កសាងភាពជាដៃគូយុទ្ធសាស្រ្តដែលបានប្រកាសនៅឆ្នាំ ២០១៥ ដោយឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ប្រទេសទាំងពីរ និងការចែករំលែកទស្សនៈយុទ្ធសាស្រ្តរួម ស្តីពីកិច្ចការតំបន់ និង សកល។ នេះជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រទេសអូស្ត្រាលីមកកាន់ប្រទេសម៉ាឡេស៊ី ចាប់តាំងពីការបោះឆ្នោតសកលនៅថ្ងៃទី ៩ ខែឧសភា។

នៅសិង្ហបុរី លោកស្រីគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអូស្ត្រាលី – អាស៊ាន។ កិច្ចប្រជុំនេះ គឺជាឱកាសដ៏សំខាន់មួយដើម្បីបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់អូស្ត្រាលីចំពោះអាស៊ាន និងតួនាទីរបស់ខ្លួននៅក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។ កិច្ចពិភាក្សានេះនឹងបង្កើតនូវប្រវត្តិសាស្រ្តមួយនៃកិច្ចប្រជុំកំពូលពិសេសរវាង អាស៊ាន – អូស្ត្រាលី ដែលបានរៀបចំនៅទីក្រុងស៊ីដនី កាលពីខែមីនា ឆ្នាំ ២០១៨។

សម្រាប់ទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ដែលជាគោលដៅចុងក្រោយនោះ មន្ត្រីអូស្ត្រាលីរូបនេះនឹងធ្វើជាសហប្រធានជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក Retno Marsudi នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីបាលី ស្តីពីអំពីរត់ពន្ធមនុស្ស ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនដែលពាក់ព័ន្ធ។ កិច្ចប្រជុំនេះផ្តល់ឱកាសមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងដៃគូក្នុងតំបន់ សង្គមស៊ីវិល និង វិស័យឯកជន ដើម្បីបញ្ចប់នូវវិបត្តិនៃអំពើជួញដូរមនុស្ស ទាសភាពសម័យទំនើប និងពលកម្មដោយបង្ខំ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)