វៀតណាម និងអាហ្សង់ទីនបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ៣០ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក Jorge Faurie បានជួបប្រជុំជា មួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋជាមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅទីក្រុងហាណូយ ដើម្បីស្វែងរកមធ្យោបាយក្នុងការជំរុញចំណងទាក់ទងទ្វេភាគី។
ភាគីទាំងពីរបានសម្តែងក្តីសប្បាយរីករាយ ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងវៀត-ណាម និងអាហ្សង់ទីន ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ដោយមានការពង្រឹងទំនាក់ទំនងនយោបាយ និងការជឿទុកចិត្តតាមរយៈដំណើរទស្សនកិច្ច និងកិច្ចប្រជុំរវាងមេដឹកនាំជាន់ខ្ពស់របស់ខ្លួន។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ជាង ៣ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០១៧ ដែលខ្ពស់ជាងតួលេខកាលពី ១០ឆ្នាំមុនចំនួន ១០ដង។

លោក Minh បានថ្លែងអំណរគុណដល់ភាគីអាហ្សង់ទីនដែលបានគាំទ្របេក្ខភាពរបស់វៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់នីតិកាលឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១។

លោកបានកោតសរសើរចំពោះការចុះហត្ថលេខារបស់អាហ្សង់ទីនទៅលើសន្ធិសញ្ញា ស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) ខណៈពេលដែលមានការស្នើសុំទៅប្រទេសអាមេរិកឡាទីនឱ្យបញ្ចប់នូវនីតិវិធីដើម្បីបើកទីផ្សាររបស់ខ្លួនសម្រាប់ផ្លែឈើវៀតណាម ដូចជា ផ្លែគូលែន ផ្លែស្រការនាគ ផ្លែមៀន និងផ្លែស្វាយ។

លោក Faurie បានអះអាងថា អាហ្សង់ទីនចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលលោកបានកោតសរសើរដល់តួនាទីរបស់វៀតណាមក្នុងតំបន់ និងពិភពលោក។

លោកបាននិយាយថា ប្រទេសរបស់លោកមានឆន្ទៈក្នុងការពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិជ្ជា ដូច្នេះនឹងមានការបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបណ្តាក្រុមហ៊ុនអាជីវកម្មនៃភាគីទាំងពីរ និងតុល្យភាពពាណិជ្ជកម្មទ្វេភាគី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)