ឯកឧត្តម ស៊ុន ចាន់ថុល បន្តចុះពិនិត្យមើលការដ្ឋានកំពុងជួសជុលកំណាត់ផ្លូវជាតិលេខ៤១ លេខ០៣ និងលេខ៣៣

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ –ប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ០៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួងមួយក្រុមរួមមានមន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្ពានថ្នល់ចិន(CRBC) អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៤១ កំណាត់ផ្លូវជាតិលេខ០៣ និង កំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្ត្រខេត្តកែប និង ខេត្តកំពត ដែលបានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៤១ កំពុងសិក្សាលទ្ធភាព និងបច្ចេកទេសដើម្បីលើកកម្ពស់គុណភាព ពីផ្លូវប្រភេទ DBST ទៅជាផ្លូវបេតុង កៅស៊ូAC ទាំងស្រុង សំដៅរក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែកក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត នៅខណៈដែលកំណាត់ផ្លូវជាតិលេខ០៣ពីភ្នំពេញមកបែកគុស ត្រូវបានបើកការដ្ឋានសាងសង់ពង្រីក ដោយក្រុមហ៊ុនចិន ពីពីរគន្លងទៅបួនគន្លង។ ដោយឡែក ផ្លូវជាតិលខ០៣ ពីបែកគុសមកទីរួមខេត្តកំពត បន្តទៅដល់វាលរិញ នឹងត្រូវលើកកម្ពស់គុណភាពផ្លូវពី DBSTទៅផ្លូវបេតុងកៅស៊ូAC សាងសង់ដោយក្រុមហ៊ុនចិន ។ ទន្ទឹមនឹងនេះ គម្រោងជួសជុលផ្លូវជាតិលេខ០៤ត្រូវពង្រីកទទឹងពី ៧ម៉ែត្រទៅ ១១ម៉ែត្រ ក្រាលកៅស៊ូAC បន្ថែមពីលើ និងលើកកម្រិតកម្ពស់ផ្លូវដែលលេចទឹក តាមតំបន់មួយចំនួន។

ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល មានគម្រោងលើកកម្ពស់គុណភាពផ្លូវខេត្ត ផ្លូវជាតិជាច្រើនទៀតទៅដល់គ្រប់ច្រកល្ហក ដើម្បីប្រជាពលរដ្ឋមានឱកាសរកចំណូលបន្ថែម ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ លើសពីនេះទៀត ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថែរក្សាហេ ដ្ឋារចនាស្ពានថ្នល់ ដែលជាសម្បត្តិដ៏មហាសាលរបស់ប្រទេសជាតិយើងឱ្យគង់វង្ស និងប្រើប្រាស់ឱ្យបានយូរអង្វែង។

សូមបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធធ្វើការជួសជុលកាយសម្រួលបន្ទាន់កំណាត់ផ្លូវជាតិទាំងនេះមុនពេលបោះឆ្នោត ដើម្បីសម្រួលជាបណ្តោះអាន្នដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅចូលរួមបោះឆ្នោត និងការធ្វើដំណើរព្រមទាំងដឹកជញ្ជូនផ្សេងៗផងដែរ៕

ដោយ ទេស ច័ន្ទសុធារី