អ្នកនាំពាក្យ គ.ជ.ប៖ លទ្ធផលបោះឆ្នោតបឋមនេះ គឺមិនទាន់ដឹងថា គណបក្សណាទទួលបានអាសនៈប៉ុន្មាននោះទេ ប៉ុន្ដែគណបក្សប្រជាជនកម្ពុជាមានសំឡេងឈានមុខ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨–​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា(គ.ជ.ប) បានអះអាងថា តាមរយៈការប្រកាសលទ្ធផលបោះ ឆ្នោតបឋមនេះ គឺមិនទាន់ដឹងថា តើគណបក្សណាមួយ ទទួលបានអាសនៈ ប៉ុន្មាននោះទេ ប៉ុន្ដែតាមតួលេខបឋមឃើញថា គណបក្សប្រជាជនកម្ពុជា មានសំឡេងឈានមុខគេ។

​ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះថា រហូតមកដល់ពេលនេះ គ.ជ.ប កំពុងតែធ្វើការបូកសរុបលទ្ធផល បឋមតាមការិយាល័យបោះឆ្នោតមកពីរាជធានី ខេត្ដឱ្យបាន ច្បាស់លាស់ ហើយកំពុងតែពិនិត្យយ៉ាង ម៉ត់ចត់លើសន្លឹកឆ្នោតបានការ និងមិនបានការ។

​ឯកឧត្តមបានបញ្ជាក់ថា គ.ជ.ប នៅមិនធ្វើការបែង ចែកអាសនៈនៅឡើយដោយមិន ទាន់បញ្ចូលក្នុងរូបមន្ដនោះទេ ដោយរង់ចាំទទួលបានតួលេខឱ្យបាន ច្បាស់លាស់សិន ហើយក៏មិនធ្វើការគណនាការបែងចែកអាសនៈថា គណបក្សនយោបាយណាបាន ប៉ុន្មាននោះទេ ខណៈដែលតួលេខមិនទាន់ច្បាស់លាស់ ដោយរង់ចាំលទ្ធផលប្រកាស ជាផ្លូវការ ហើយ ទើបគ.ជ.ប ចាប់ផ្ដើមគណនាអាសនៈ និងបែងចែកអាសនៈទៅតាមការ ទទួលបានសំឡេង ឆ្នោតរបស់គណបក្សនីមួយៗ។

​ឯកឧត្តមបានបន្ថែមទៀតថា ចំពោះលទ្ធផលបោះឆ្នោតនេះ គ.ជ.ប អនុវត្ដន៍ទៅតាម យន្ដការ និងចែកចេញដំណាក់កាលទី១. គឺលទ្ធផលរាប់សន្លឹកឆ្នោតនៅតាមការិយាល័យ ដោយបោះឆ្នោតភ្លាម រាប់ភ្លាម និងបិទលទ្ធផលនៅតាមការិយាល័យ។ ទី២. លទ្ធផលនេះ គណៈកម្មការឃុំ សង្កាត់រៀបចំ ការបោះឆ្នោតបានប្រមូលមកពីគ្រប់ការិយាល័យ ហើយធ្វើការ បូកសរុប រួចផ្ញើទៅគណៈកម្មការ រាជធានី ខេត្ដរៀបចំការបោះឆ្នោត និងផ្ញើមកគ.ជ.ប ហើយគ.ជ.ប ប្រកាសលទ្ធផលបឋមតាមមណ្ឌល បោះឆ្នោតនីមួយៗភ្លាមបន្ទាប់រាប់សន្លឹក ឆ្នោតរួចក្នុងថ្ងៃបោះឆ្នោត។

​ឯកឧត្តមបានគូសបញ្ជាក់ទៀតថា បន្ទាប់ពីពិនិត្យលទ្ធផលត្រឹមត្រូវរួចហើយ គ.ជ.ប ប្រកាស លទ្ធផលជាបណ្ដោះអាសន្ន ដែលនឹងធ្វើនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ក្នុងករណីមិនមានបណ្ដឹង តវ៉ាពីគណបក្សនយោបាយទេ នៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខ គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោត ជាផ្លូវការតែម្ដង។

​ឯកឧត្តមបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភ័ន្ដច្រឡំ ចំពោះការផ្សព្វ ផ្សាយទាំងឡាយណាដែលជាការផ្សព្វផ្សាយមិនផ្លូវការ ហើយមានតែការផ្សាយចេញ ពី គ.ជ.ប តែមួយគត់ដែលយកជាផ្លូវការ និងគ្មានអ្នកណាមួយ ភាគីណាមួយ ឬបក្ស នយោបាយ ណាអាចលូកដៃចូលជ្រៀតជ្រែកក្នុងលទ្ធផលបោះឆ្នោតនេះបានទេ គឺមានតែគ.ជ.បទេ ដែលអាចប្រកាសលទ្ធផលជាផ្លូវការបាន។

​ក្នុងកម្មវិធីសង្ខេបព្រឹត្ដិការណ៍អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានពន្យល់ថា ការប្រកាសលទ្ធផលបោះ ឆ្នោតនេះ បើតាម ច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ ក្នុងមាត្រា១៣១ បានបញ្ជាក់ថា នៅពេល ដែលបណ្ដឹងត្រូវបានដោះស្រាយ បានចប់សព្វគ្រប់ លទ្ធផលនៃការបោះ ឆ្នោតតាមរាជធានី ខេត្ដត្រូវបានបញ្ជូនដល់គ.ជ.ប ហើយ គ.ជ.ប ត្រូវប្រកាសលទ្ធផលបណ្ដោះអាសន្ន។ ក្រោយ ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ន គណបក្សនយោបាយអាចប្ដឹងចំពោះលទ្ធផលមួយ ផ្នែកណាមួយ ឬទាំងមូលនៃការបោះឆ្នោត ដែលប្ដឹងក្នុងរយៈ ពេល៧២ម៉ោង បន្ទាប់ពី ការប្រកាសលទ្ធផលបណ្ដោះអាសន្ន។

​ឯកឧត្តមបានបន្ដថា បណ្ដឹងមានពីរគឺ អាចប្ដឹងមក គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ហើយបន្ទាប់ពីបណ្ដឹងត្រូវបានដោះស្រាយបានចប់សព្វ គ្រប់ ពុំមានការតវ៉ា ហើយលទ្ធផល នៃការបោះឆ្នោត ត្រូវទទួលបានមកពីគ្រប់មណ្ឌល បោះឆ្នោត ទាំង២៥រាជធានី ខេត្ដ គ.ជ.ប ត្រូវប្រកាសលទ្ធផលផ្លូវការ និងធ្វើការបែងចែកអាសនៈ។

​សូមបញ្ជាក់ថា បើតាមលទ្ធផលបោះឆ្នោតបឋមតាមមណ្ឌលរាជធានី ខេត្ដ របស់ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ នៅ ទូទាំង២៥ រាជធានី ខេត្ដ បន្ទាប់មកគឺគណបក្សហ្វ៊ិនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ៕

ដោយ អ៊ុន រិទ្ធី