គណបក្សនយោបាយថា គជបរៀបចំដំណើរការបោះឆ្នោតបានល្អ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ហុក សុខរិន រូបភាព លោក ចន ណារិទ្ធ៖

បណ្តាគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើស រើសតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨នេះ គ្មានប្រតិកម្មអ្វីឡើយជុំវិញដំណើរការបោះឆ្នោតនេះ ទេ ដោយអាចទទួលយកបានទាំងអស់គ្នា។

គណបក្សនយោបាយមួយចំនួនធំដែលបានចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា បានអៈអាងថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតហៅកាត់ថាគជប បានរៀបចំដំណើរការបានល្អប្រព្រឹត្តិទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព និងគ្មានការលួចបន្លំសន្លឹកឆ្នោតនោះឡើយ។

លោកចាន់ ប៊ុនហន តំណាងគណបក្សមាតុភូមិយើងបានឲ្យដឹងថា គណបក្សរបស់លោក ពុំមានអ្វីជំទាស់ចំពោះការរៀបចំរបស់គជបឡើយ ព្រោះឃើញថាគជបបានអនុវត្តនីតិវិធីរបស់ខ្លួនទៅតាមច្បាប់។ យ៉ាងណាក៏ដោយលោកចង់អោយគជប គួរកែប្រែចំណុច តម្លាភាព សម្រាប់ការធ្វើយុទ្ធនាការបោះឆ្នោតនៅមូលដ្ឋានដើម្បីអោយតំណើរការបោះឆ្នោតនាអាណត្តិក្រោយៗទៀតបានប្រព្រឹត្តិទៅកាន់តែរលូន។

រីឯតំណាងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានអោយដឹងថា បើផ្អែកតាមនីតិវិធីនិងការអនុវត្តរបស់គជបអាចទទួលយកបាន ប៉ុន្តែចង់អោយគជប កែប្រែ របៀបគូសសន្លឹកឆ្នោតនៅក្នុងប្រអប់អោយបានត្រឹមត្រូវ រួមទំាងកែលម្អបន្ទប់សម្ងាត់ អោយមានពន្លឺគ្រប់គ្រាន់ ដើម្បីធានាអោយអ្នកបោះឆ្នោតគូសន្លឹកឆ្នោតបានត្រឹមត្រូវ។

លោកជិន ថុន អគ្គលេខាធិការ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានអោយដឹងថា ទោះបី ដំណើរការបោះឆ្នោតពុំមានបញ្ហាជាដុំកំភួនអ្វីឡើយ ប៉ុន្តែអ្វីដែលបញ្ហានោះមានរារាំងមិនអោយភ្នាក់ងារគណបក្សថតសន្លឹកឆ្នោត។ យ៉ាងណាក៏ដោយលោកថាគណបក្សលោកគាំទ្រចំពោះលទ្ធផលបោះឆ្នោតបឋមដែលបានប្រកាសដោយគជបកាលពីម្សិលម៉ិញនេះ។

ជាមួយគ្នានេះគណបក្សខ្មែរឈប់ក្រ គណបក្សខ្មែររួមរួមជាតិ គណបក្សខ្មែរក្រោក គណបក្សប្រជាធិបតេយ្យ មូលដ្ឋានគឺមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។

យ៉ាងណាក៏ដោយក៏មានគណបក្សមួយចំនួនទៀតនៅមិនទាន់ធ្វើការវាយតម្លៃជុំវិញយុត្តិធម៌ នៃការរៀបចំបោះឆ្នោតនេះនៅឡើយទេ។

តំណាង គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

គណបក្សសាធារណរដ្ឋ គណបក្សហ៊្វុនស៊ីនប៉ិច គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរតែមួយមិនទាន់មានមតិយោ បល់ជុំវិញលទ្ធផលនៃដំណើរការបោះឆ្នោតកាលពីម្សិលម៉ិញនេះនៅឡើយ ដោយអៈអាងថា សមាជិកគណបក្សកំពុងតែពិភាក្សាគ្នាហើយផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវជាមុនសិនមុននឹងប្រកាសវាយតម្លៃ ជាសាធារណៈ។

ផ្ទុយទៅវិញ ឯឧ.សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែល ទទួលបានសម្លេងគាំទ្របឋម រហូតដល់ជាង៤លាន៣សែនសំលេង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គ្មានប្រតិកម្មឡើយចំពោះដំណើរការបោះឆ្នោតនៅពេលនេះទេ។ ជាមួយគ្នានេះឯឧ.បានអរគុណចំពោះប្រជាពលរដ្ឋដែលបាន ចេញទៅបោះឆ្នោតរហូតដល់ជាង៨២ភាគរយ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានប្រកាសថា ការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ឆ្នាំ២០១៨នេះជាការបោះឆ្នោតដែលមានដំណើរការល្អបំផុត ជាពេលណាទាំងអស់៕