ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប វាយតម្លៃខ្ពស់ចំពោះការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជាដែលមានទៅដល់ជាង៨២ភាគរយ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨–​ឯកឧត្ដម បណ្ឌិត Anton Caragea ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលមានរហូតទៅដល់ជាង៨២ភាគរយ នៃចំនួនអ្នកដែលបានចុះ ឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតនោះ។

​ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម បណ្ឌិត Anton Caragea ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងគណៈប្រតិភូចូលជួបសម្ដែងការ គួរសម នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។

​ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិតAnton Caragea បានពាំនាំជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រី នូវរបាយការណ៍ចុងក្រោយអំពីបេសកកម្មសង្កេតការណ៍ ការបោះឆ្នោត នីតិកាលទី៦ ក៏ដូច ជារបាយការណ៍ចេញពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្ម សហគមន៍អឺរ៉ុប ពាក់ព័ន្ធនឹងការបោះឆ្នោត នីតិកាលទី៦ ក៏ដូចជារបាយការណ៍ជាបឋម និងរបាយការណ៍ចុងក្រោយរបស់អ្នកសង្កេតការណ៍អន្តរជាតិ ជូនដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយក៏បានជម្រាជូនសម្ដេចផងដែរនូវលទ្ធផល នៃការសង្កេតការណ៍ របស់សហគមន៍ បណ្ឌិតសភាអន្តរជាតិ ដែល ក្នុងនោះបានសម្ដែងនូវការ អបអរសាទរចំពោះ ជោគជ័យដែលទទួលបានក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ របស់កម្ពុជាកន្លងមកនេះ។

ឯកឧត្ដម បានលើកឡើងថា ប្រជាជនកម្ពុជាបានទៅបោះឆ្នោតជាង ៨២ភាគរយ គឺឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ប្រជាជនកម្ពុជាពិតៗ ហើយតាមការសង្កេតការណ៍នៅក្នុង របាយការណ៍ទាំងនេះគឺបានសម្ដែងនូវការ អបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌មានតម្លាភាព និងឆ្លុះបញ្ចាំងអំពីដំណើរការប្រជាធិបតេយ្យ នៅកម្ពុជាយ៉ាងពិតៗដោយគ្មានអំពើហិង្សា។

ជាការឆ្លើយតបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានថ្លែងអំណរគុណជូន ចំពោះក្រុមគណៈប្រតិភូអ្នកសង្កេតការណ៍ទាំងនេះ ហើយសម្ដេចក៏បានជម្រាបជូនឯកឧត្ដម បណ្ឌិត Anton ផងដែរថា នៅកម្ពុជាគឺតាមរដ្ឋធម្មនុញ្ញត្រូវរៀបចំ ដំណើរការបោះឆ្នោតតាម លទ្ធិប្រជាធិបតេយ្យ ៥ឆ្នាំម្តង គឺនៅថ្ងៃអាទិត្យសប្ដាហ៍ទី៤ នៃខែកក្កដា។

សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ការបោះឆ្នោតនេះគឺជាការកំណត់ធ្វើឱ្យ គ្រប់គណបក្សនយោបាយទាំង អស់បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោត មិនដូចបណ្ដាប្រទេសមួយចំនួនដែលនាយករដ្ឋមន្ត្រី មានសិទ្ធិរំលាយសភា ហើយចាត់តាំងការបោះឆ្នោតនោះទេ។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជាកំពុងតែអនុវត្តន៍តាមវិធីប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ៕

ដោយ ជឹម ណារី