ក្រុមអ្នកសង្កេការណ៍ជាតិ និងអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៦នេះថា ប្រព្រឹត្តទៅល្អប្រសើតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ ដោយ លោក ម៉ឹង កុសល៖

ក្រុមអ្នកសង្កេការណ៍ជាតិ និងអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះ​ការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ថា មានលក្ខណៈ ត្រឹមត្រូវ តម្លាភាព ស្រប​តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។


ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨នេះ មាន​ក្រុម​អ្នកសង្កេត ការណ៍អន្តរជាតិជាង៥០០នាក់ មកពី42ប្រទេស ជុំវិញ​ពិភព​​លោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន និងតំ​បន់​មួយចំនួនទៀត ដែលកាលពីឆ្នាំ២០១៣​ក្នុងការបោះ​ឆ្នោតជាតិជ្រើស​តាំង​​តំណាងរាស្រ្ត មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ត្រឹមតែ២៤៣​នាក់ប៉ុណ្ណោះ។ក្នុងនោះមានសមាជិក​គណៈប្រតិភូ សន្និសីទអន្តរ​ជាតិនៃ​បណ្តា​គណបក្សនយោបាយនៅអាស៊ីបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅ​ពេល​ចុះ​សង្កេតការណ៍ នៅការិយាល័យបោះឆ្នោត សាលាគរុកោសល្យ​ក្រុង​តាខ្មៅថា ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនថែមទៀត នៅក្រោយ​ការ​បោះឆ្នោតដែលមានលក្ខណៈត្រឹមត្រូវនាពេលនេះ។

ជាមួយគ្នានេះដែរ គណៈប្រតិភូសង្កេតការណ៍ជាតិនិងអន្តរជាតិជាង ៥០០​នាក់ មកពីស្ថាប័ននិងប្រទេសចំនួន៤២ បានចូលរួមសង្កេតការណ៍ ការ​បោះ​ឆ្នោតក្នុងប្រទេសកម្ពុជានាពេលនេះ គឺសុទ្ធសឹងតែមានបទពិសោធន៍ ក្នុង​ការ​ចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនលើក នៅក្នុងប្រទេសជាច្រើន ដូច​ជា សន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី, អង្គការ​អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ដែលហៅកាត់ថាCDI, គណៈ​ប្រតិភូអន្តរសភាអាស៊ាន AIPA សភាតំបន់អាស៊ី APA សភានិយាយភា​សា​បារំាង និងក្រុមអ្នកសង្កេតការណ៍មកពីប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី រុស្ស៊ី និងអង្គការ សមាគមន៍ឥស្លាម និងតំណាងអ្នកសង្កេតការណ៍​សភាស​ហភាពអឺរ៉ុប បានវាយតម្លៃអំពីលទ្ធផលនៃការបោះឆ្នោត សាកល នេះ ដោយ​បានសម្តែងនូវការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បានរៀបចំការ បោះឆ្នោតមួយប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព ហើយ​បានចាត់ទុកថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានរក្សានូវការសន្យា ជូនប្រជាពលរដ្ឋកម្ពុជា នាំលទ្ធិប្រជាធិបតេយ្យ និងជាឱកាសមាស ឱកាស​ប្រាក់ ដែលបានបោះឆ្នោតស្វែងរក លទ្ធិប្រជាធិបតេយ្យ។
អ្នកសង្កេត​ការណ៍សភាសហភាពអឺរ៉ុប បានអបអរសាទរ ចំពោះប្រជាពល​រដ្ឋនិងយុវជនកម្ពុជា ដែលបានចូលរួមបោះឆ្នោត ហើយចាត់ទុកថា ការ​បោះ​ឆ្នោតនេះមិនមែនត្រឹមតែជាការជ្រើសរើសមេដឹកនាំដ៏ល្អប៉ុណ្ណោះទេ តែជាការផ្តល់នូវឆន្ទៈមួយដើម្បីអនាគតកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យ មួយនៅតាមដងទន្លេមេគង្គនិងមានការរីកលូតលាស់យ៉ាងខ្លាំង។

ចំណែកឯតំណាងអ្នកសង្កេតការណ៍អន្តរជាតិមកពីអង្គការ(អាយខប) បាន​ចាត់ទុកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅកម្ពុជា កំ​ពុង​តែដំណើរការដោយសេរី យុត្តិធម៌គ្មានអំពើហិង្សា ហើយតាម​រយៈ​ការ​បោះឆ្នោត ដោយសេរីនេះ នឹងជួយឲ្យកម្ពុជា កាន់តែប្រសើរឡើងថែមទៀត ខាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។
លោកសោម អូន តំណាងអ្នកសង្កេតការណ៏មកពីសមាគម និស្សិតបញ្ញាវ័ន្ត អាស៊ាន បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់សិទ្ធិរបស់ខ្លួន ចេញ​ទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ។ ការបោះ​ឆ្នោតជ្រើសតាំង​តំ​ណាង រាស្ត្រនីតិកាលទី៦បានប្រព្រឹត្តទៅ ដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និង​តម្លាភាព គ្មានអំពើហិង្សាគំរាមកំហែងខាងនយោបាយឡើយ។
សមាគម​គ្រឹះស្ថានសិក្សាកម្ពុជា ដែលមានសមាជិកចំនួន១០៣ មកពីសា​លា​​​ឯកជន បានធ្វើសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ឆ្នាំ២០១៨» នៅល្ងាច​ថ្ងៃទី២៩ ខែកក្កដា ដោយបានវាយតម្លៃថា ការបោះឆ្នោតនេះ អាច​ទទួល​យក​​​បាន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយមានប្រ​ជាពលរដ្ឋ​ចូលរួមបោះឆ្នោតយ៉ាងច្រើន។
ដោយ​ឡែក លោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ បានអះអាង​ថា ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន។ អ្វីដែលលោក សប្បាយ​ចិត្តបំផុត គឺប្រជាពលរដ្ឋភាគច្រើន បាននាំគ្នាទៅបោះឆ្នោត។
ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ វាយតម្លៃខ្ពស់ ថាស្ថានការណ៍ក្នុងថ្ងៃបោះឆ្នោត​ទូទាំងប្រទេស​មានភាព​ល្​អប្រសើរ។ ប្រជាពលរដ្ឋជាច្រើនបានអញ្ជើញមកបោះឆ្នោត ដើម្បីប្រើនូវ​សិទ្ធិរបស់ខ្លួនដែលជាម្ចាស់ឆ្នោត។ ឯកឧត្តមបានបញ្ជាក់ថា ស្ថានការណ៍​ក្នុងថ្ងៃបោះឆ្នោតទូទាំងប្រទេស មានភាពល្អប្រសើរ ប្រជាពលរដ្ឋទៅ​បោះ​ឆ្នោតដោយសេរី បង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការ​ជ្រើសរើសគណបក្ស​ដែល​ខ្លួនពេញចិត្ត។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសតាំង​តំ​ណាង​រាស្ត្រ អាណត្តិទី៦ នៅរសៀលថ្ងៃទី២៩ ខែកក្កដា នៅទីស្តីការក្រសួង​មហា​ផ្ទៃ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.បបានបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរ​ដែលបានចេញទៅបោះឆ្នោតសរុបជិត៧លាននាក់ស្មើនឹង៨២,១៧ភាគរយ ខណៈក្នុងបញ្ជីបោះឆ្នោតមានប្រជាពលរដ្ឋសរុប៨.៣៨០.២១៧នាក់ ។ ចំនួនប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើនេះបានបង្ហាញពីភាពរីកចម្រើននៅលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ឯកឧត្តមបន្តថា ការិយាល័យដែល​មាន​សរុប២២.៩៦៧ការិយាល័យ បានបើកដំណើរការទាំងអស់ ដោយគ្មាន​ការិ​យា​ល័យ​បោះឆ្នោតណាមួយត្រូវរាំងស្ទះ និងឧបសគ្គអ្វីឡើយ។ ការបោះឆ្នោតបានដំណើរការទៅដោយប្រក្រតីភាពសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងភាពស្រស់ស្រាយរីករាយពីប្រជាពលរដ្ឋ ដោយគ្មានការ​គំរាមកំហែងណាមួយកើត ឡើង ៕