គ.ជ.ប អះអាងថា មានប្រជាពលរដ្ឋជាង៨០ភាគរយ បានចេញទៅបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ដ នីតិកាលទី៦ ឆ្នាំ២០១៨នេះ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ –គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា(គ.ជ.ប) បានអះអាងថា មានប្រជាពល រដ្ឋខ្មែរសរុប៦.៧៤៤.៨៩៣នាក់ ស្មើនឹង៨០.៤៩ភាគរយ បានចេញទៅ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី៦ ឆ្នាំ២០១៨នេះ ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​សរុប៨.៣៨០.២១៧នាក់ បន្ទាប់ពី បានបិទការិយាល័យបោះឆ្នោតត្រឹមម៉ោង៣រសៀល ថ្ងៃនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការសរុបព្រឹត្ដិការណ៍ទូទៅ ក្រោយបញ្ចប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ដែលចេញទៅចូលរួមបោះឆ្នោតមានចំនួនច្រើននេះ បានបង្ហាញពីភាពរីកចម្រើន នៅលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។ ឯកឧត្តមបានបន្ដថា ការបោះឆ្នោតមានបោះឆ្នោតមានភាពល្អ ប្រសើរ បើទោះបី ជាការិយាល័យមួយចំនួន ត្រូវបានលិចទឹក មួយចំនួនក៏ដោយ ក៏គ.ជ.ប បាន រៀបចំបានដំណើរល្អ ដោយប្រើប្រាស់ សត្វដំរី និងប្រើឧត្ថម្ភចក្រ ដើម្បីដឹកសម្ភារផងដែរ ។

ឯកឧត្តម បន្តទៀតថា ការិយាល័យដែលមានសរុប២២.៩៦៧ការិយាល័យ បានបើកដំណើរការ ទាំងអស់ នៅទូទាំង ប្រទេស ដោយគ្មានការិយាល័យបោះឆ្នោតណាមួយរាំងស្ទះ និងឧបសគ្គ អ្វីនោះឡើយ ដែលចាប់ពីម៉ោង៧:០០ព្រឹក រហូតដល់​ម៉ោង៣:០០រសៀល ហើយការរាប់សន្លឹកឆ្នោតត្រូវធ្វើឡើងចាប់ពីម៉ោងបិទការិយាល័យបោះឆ្នោត។

ឯកឧត្ដមបានបន្ថែមថា ការ បោះឆ្នោត បានដំណើរការទៅដោយប្រក្រតីភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង ភាពស្រស់ស្រាយរីករាយពីប្រជាពលរដ្ឋ ដោយគ្មានការគំរាមកំហែងណាមួយកើត ឡើងនោះឡើយ។ ជាមួយគ្នានេះដែរ សម្រាប់លទ្ធផលបឋម នឹងធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា នៅយប់​ថ្ងៃទី២៩ ខែកក្កដានេះ ហើយលទ្ធផលបណ្តោះអាសន្ន នឹងចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ក្នុងករណីគ្មាន​ការបោះឆ្នោតសារជាថ្មី និងការប្រកាសលទ្ធផលផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែសីហា ២០១៨។

សូមបញ្ជាក់ថា បើតាម គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ឆ្នាំ២០១៨នេះ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន២០ គណបក្ស ដើម្បីដណ្តើមអាសនៈរដ្ឋសភា ដែលមានសរុប ១២៥អាសនៈ៕

ដោយ អ៊ុន រិទ្ធី