ប្រជាពលរដ្ឋជាង៨០ភាគរយបានចេញទៅបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានអះអាងថា ប្រជាពលរដ្ឋខ្មែរសរុប៦.៧៤៤.៨៩៣នាក់ស្មើនឹង៨០,៤៩ភាគរយ ខណៈក្នុងបញ្ជីបោះឆ្នោត មានប្រជាពលរដ្ឋសរុប៨.៣៨០.២១៧នាក់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅរសៀលថ្ងៃទី២៩ ខែកក្កដានេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបញ្ជាក់ថា ចំនួននៃប្រជាពលរដ្ឋខ្មែរដែលចេញទៅចូលរួមបោះឆ្នោតនេះ បានបង្ហាញពីភាពរីកចម្រើននៅលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ឯកឧត្តមបន្តថា ការិយាល័យដែលមានសរុប២២.៩៦៧ការិយាល័យ បានបើកដំណើរការទាំង អស់ ដោយគ្មានការិយាល័យបោះឆ្នោតណាមួយរាំងស្ទះ និងឧបសគ្គអ្វីនោះឡើយ ដោយ ចាប់ពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល ហើយការរាប់សន្លឹកឆ្នោតត្រូវធ្វើឡើងចាប់ពីម៉ោងបិទការិយាល័យបោះឆ្នោត។

លទ្ធផលបឋម ធ្វើការផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកក្កដា ខណៈលទ្ធផលបណ្តោះអាសន្ន នឹងចេញផ្សាយនៅថ្ងៃទី១១ ដែលសីហា ករណីគ្មានការបោះឆ្នោតសារជាថ្មី និងការប្រកាសលទ្ធផលផ្លូវការនៅធ្វើឡើងនៅថ្ងៃទី ១៥ ខែសីហា ២០១៨ ករណីគ្មានការបោះឆ្នោតសារជាថ្មី។