ក្រុមអ្នកសង្កេតការណ៍មកពីស្ថាប័នអន្តរជាតិនានាវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាថា មានលក្ខណៈសេរី និងប្រជាធិបតេយ្យ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​​ –បណ្តាក្រុមអ្នកសង្កេតការណ៍ឯករាជ្យ និងអព្យាក្រឹត្យមក ពីស្ថាប័នអន្តរជាតិ នានា រួមមាន អង្គការ ICAPP អង្គការCAPDI អង្គការ CDI ក៏ដូចជាបណ្ដាអ្នកសង្កេតការណ៍ មកពី សហគមន៍អឺរ៉ុប មកពី សាធារណរដ្ឋប្រជាមានិតចិន ប្រទេសឥណ្ឌូណេស៊ី និងសភាឌូម៉ារុស្សី ជាដើម សុទ្ធតែបាន វាយតម្លៃខ្ពស់ចំពោះដំណើរការ បោះឆ្នោតនៅកម្ពុជាថា មានលក្ខណៈ សេរី និងប្រជាធិបតេយ្យ ដែលនេះជាការបោះ ជំហាន យ៉ាងត្រឹមត្រូវលើវិថី ប្រជាធិបតេយ្យ ដែលកម្ពុជាកំពុងប្រកាន់យក។

តំណាងក្រុមអ្នកសង្កេតការណ៍របស់អង្គការ ICAPP និង អង្គការCAPDI បានប្រាប់ក្រុមអ្នក សារព័ត៌មាន កាលពីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសាលាគរុកោសល្យ និងវិក្រិត្យការក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយលើកឡើងថា ក្រុមអ្នកសង្កេតការណ៍ បានពិនិត្យឃើញស្ថានភាពជាទូទៅនៃដំណើរការបោះឆ្នោនេះ គឺបានប្រពឹត្តទៅ ក្នុងបរិយាកាសល្អ ដែលអាចចាត់ទុកបានថាជាដំណើរការបោះឆ្នោតមួយមានភាព ល្អប្រសើរជាមួយ នឹងការរក្សាបានសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា គ្មានការបង្ខិតបង្ខំ ដែលជាឧបសគ្គ ណាមួយរារាំងដល់ការចូលរួមបោះឆ្នោត របស់ប្រជាពលរដ្ឋនោះឡើយ។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ដែលបានមកចូលរួមសង្កេតការណ៍នៅឯការិយាល័យបោះឆ្នោតលេខ១៦៩៧ ដែលជាការិយាល័យបោះឆ្នោត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញមកចូលរួមបោះឆ្នោត ជាមួយប្រជាពលរដ្ឋនៅ ក្នុង ព្រិត្តិ ការណ៍បោះឆ្នោតថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០១៨នេះ។

តំណាងអង្គការអន្ដរជាតិខាងលើបានសង្កេតឃើញទាំងថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ កម្ពុជា សុទ្ធតែមាន ទឹកមុខ ស្រស់ ស្រាយ ញញឹមញញែមប្រកបដោយឆន្ទៈមោះ មុតក្នុងការមក ចូលរួមបោះឆ្នោតយ៉ាង សស្រាក់សស្រាំដើម្បី បំពេញ នូវកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋ ដើម្បីសម្រេចលើជោគវាសនារបស់ប្រទេសជាតិខ្លួនតាមរយៈការ សម្រេចចិត្តផ្នែក នយោបាយក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត។

ក្រុមអ្នកសង្កេតការណ៍ក៏បានបង្ហាញពីការរំពឹងដែរថា ការបោះឆ្នោតនេះនឹងប្រព្រឹត្ត សម្រេចបាននូវជោគជ័យល្អ ដោយសារដំណើរការបោះឆ្នោត មានបរិយាកាសនយោបាយល្អ និងប្រព្រិត្តទៅប្រកបដោយភាពរលូន។ ក្រុមអ្នកសង្កេតការណ៍ ក៏បានជូនពរឱ្យប្រជាពលរដ្ឋកម្ពុជាសម្រេច ជ្រើសរើស បានមេដឹកនាំល្អ សម្រាប់ការដឹកនាំ ប្រទេសកម្ពុជា ឱ្យឆ្នោះទៅរកការអភិវឌ្ឍរីកចម្រើនថ្មីៗបន្ថែមទៀត។

ឯកឧត្តម ឌឹម សុវណ្ណរុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតហៅកាត់ថា (គ.ជ.ប)បានឱ្យដឹងថា គ.ជ.ប បានរៀបចំគ្រប់ការិយាល័យ បោះ ឆ្នោតនៅទូទាំងប្រទេស ចាប់បើកទ្វារការិយាល័យរបស់ខ្លួនតាំងពី ម៉ោង៦ ព្រឹកដើម្បីផ្ដល់ឱ្យ ក្រុមអ្នកសង្កេតការណ៍ទាំងឡាយបានមកចុះវត្តមាន និងពិនិត្យមើលអំពីសម្ភារ បម្រើឱ្យការ បោះឆ្នោតតើមានលក្ខណៈត្រឹមត្រូវ ឬក៏មានភាពមិន ប្រក្រតីយ៉ាងណាមួយនោះ។ ឯកឧត្តម បានបន្តថា ក្នុងដំណើរការ បោះឆ្នោតនេះនៅគ្រប់ការិយាល័យ នៅទូទាំងប្រទេស មិនមាន ការិយាល័យណាមួយ មានការអាក់ខាន ឬក៏បិទ ការិយាល័យនោះឡើយ។

ឯកឧត្តមបានបន្ថែមទៀតថា សម្រាប់ថ្ងៃបោះឆ្នោតនេះ ទាំងបរិយាកាសនយោបាយទាំងស្ថានភាពអាកាសធាតុ សុទ្ធតែអំណោយផលល្អនៅក្នុងថ្ងៃបោះឆ្នោតនេះ មិនមានអ្វី ជាឧបសគ្គមករារាំង ដល់ការមកចូលរួមបោះឆ្នោត របស់ប្រជាពលរដ្ឋឡើយ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ និងជាអគ្គស្នងការរង នគរបាលជាតិ បានបញ្ជាក់ថា ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដល់ដំណើរការបោះ ឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ នីតិកាលទី៦នេះ កងកម្លាំង សមត្ថកិច្ចប្រមាណជាង៨ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅតាមបណ្តាការិយាល័យបោះឆ្នោតទូទាំងប្រទេស៕

ដោយ អ៊ុន រិទ្ធី