គិតត្រឹមម៉ោង១២ ថ្ងៃទី២៩ ខែកក្កដានេះ នៅទូទាំងខេត្តសៀមរាប មានអ្នកបោះឆ្នោតសរុបបាន ចំនួន៥៨.២៥ ភាគរយហើយ

AKP សៀមរាប ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ –លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តសៀមរាប បានបញ្ជាក់ថា គិតត្រឹមម៉ោង១២ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ មានអ្នកបោះឆ្នោត បានអញ្ជើញទៅចូលរួម បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅក្នុងទូទាំងខេត្តសៀមរាប មានចំនួន៥៨.២៥ភាគរយហើយ ក្នុងចំណោមស្រុកទាំង១២ នៅក្នុងខេត្ដ សៀមរាប។

លោកបានបន្ដថា ក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោត ទាំងអស់នោះ គឺ ស្រុកអង្គរជុំ ចំនួន ៦០ ភាគរយ, ស្រុកអង្គរធំ ចំនួន ៦៦ ភាគរយ, ស្រុកបន្ទាយស្រី ចំនួន ៦៣ ភាគរយ, ស្រុកសូទ្រនិគម ចំនួន ៦០ ភាគរយ, ស្រុកពួក ចំនួន៦០ ភាគរយ, ស្រុកស្វាយលើ ចំនួន៦០ ភាគរយ, ក្រុងសៀមរាប ចំនួន ៥៥ ភាគរយ, ស្រុកជីក្រែង ចំនួន ៥៥ ភាគរយ, ស្រុកប្រាសាទ បាគង ចំនួន៥៣ភាគរយ, ស្រុកស្រីស្នំ ចំនួន ៥៥ ភាគរយ, ស្រុកវ៉ារិន ចំនួន ៥២ ភាគរយ និង ស្រុកក្រឡាញ់ ចំនួន៦០ ភាគរយ។

លោកបានអះអាងទៀតថា សម្រាប់ដំណើរការបោះឆ្នោតនៅទូទាំងខេត្ដ គឺចាប់តាំង ពីបើកការិយាល័យបោះឆ្នោត ពីម៉ោង៧មក គឺបានប្រព្រឹត្តទៅរលូន គ្មានបញ្ហាអ្វីបានកើតមានឡើយ ជាពិសេសលើបញ្ហាសន្តិសុខ គឺមានលក្ខណៈល្អ ។
សូមបញ្ជាក់ថា នៅទូទាំងខេត្តសៀមរាប បានអ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៥៣៥.៥២១នាក់ មានការិយាល័យបោះឆ្នោតចំនួន១.៤៧៣ និងមានគណ បក្សឈរឈ្មោះបោះឆ្នោត ចំនួន១៨ គណបក្ស៕

ដោយ ឃុត សៅ