សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបក្រុមអ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ចូលរួមពិនិត្យ មើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួល ជួបក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន
៣៧រូប សម្រាប់ចូលរួមពិនិត្យមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសប្បាយ រីករាយ និង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ អ្នកសង្កេតការណ៍ អន្តរជាតិទាំងអស់ ដែលបាន អញ្ជើញមកកម្ពុជា ដើម្បីបំពេញបេសកកម្មសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជម្រាបជូនក្រុមអ្នកសង្កេតការណ៍អន្តរជាតិថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះ ក៏ដូចជាការបោះឆ្នោតនីតិកាល មុនៗដែរ គឺបានអនុវត្តន៍យ៉ាងត្រឹមត្រូវ និងទៀងទាត់តាមការកំណត់របស់រដ្ឋធម្មនុញ្ញ ដែលព្រះរាជាណាកច្រកម្ពុជា តែងតែប្រកាន់ខ្ជាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី២ ឆ្នាំ១៩៩៨មក។

សម្ដេចវិបុលសេនាភក្ដីបានលើកឡើងថា ចំពោះការបោះ ឆ្នោតជ្រើសតាំងតំណាង រាស្រ្ត នីតិកាលទី៦នេះ ព្រឹទ្ធសភាបានធ្វើការវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យ បានបំពេញតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់បោះឆ្នោត តាមបទបញ្ជា នីតិវិធី នៃការបោះឆ្នោត ធ្វើឱ្យដំណើរការនៃការបោះឆ្នោតទាំងមូល គិតរហូតមកដល់ថ្ងៃបិទយុទ្ធនាការ ឃោសនា បោះឆ្នោតកាលពីថ្ងៃទី២៧ ខែកក្កដាកន្លងមកនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយ សុវត្ថិភាព និងគ្មានអំពើហិង្សា។

សម្តេចវិបុលសេនាភក្តី បានកត់សម្គាល់ថា អង្គមិទ្ទីញ និងការដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់បណ្តាគណបក្សនយោបាយទាំងអស់ ទាំងនៅរាជធានីភ្នំពេញ ទាំងនៅបណ្ដាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលមានមនុស្សចូលរួមរាប់សែននាក់ បានង្ហាញច្បាស់អំពីជំនឿ ជឿជាក់របស់ប្រជាជនកម្ពុជា ចំពោះការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការ ថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេស។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ទៀតថា ព្រឹទ្ធសភាប្រកាន់ខ្ជាប់នូវគោលជំហ របស់ខ្លួនក្នុងការបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍ នៅកម្ពុជា។ សម្តេចវិបុលសេនាភក្តី មានជំនឿជឿជាក់ថា អ្នកសង្កេត ណការណ៍បោះឆ្នោតទាំងអស់ នឹងធ្វើការវាយតម្លៃប្រកប ដោយសុភវិនិច្ឆ័យ ចំពោះដំណើរការ និងលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នៅកម្ពុជា។

លោក អង់ដ្រេ ប៉ាសត្រាណា (ANDRES PASTRANA) ប្រធានអង្គការអ្នកប្រជាធិប តេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច វិបុលសេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបជា មួយនឹងគណៈប្រតិភូ នាពេលនេះ។ លោក អង់ដ្រេ ប៉ាសត្រាណា បានបន្ថែមថា នេះជា ការបោះឆ្នោតលើកទី៦របស់កម្ពុជា ទាំងនេះមានន័យថា លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជានៅ ក្មេងខ្ចីនៅឡើយទេ បន្ទាប់ពីឆ្លងកាត់សង្រ្គាម និងការបំផ្លិចបំផ្លាញជាច្រើនឆ្នាំ ប្រទេសកម្ពុជា កំពុងអនុវត្តន៍នូវដំណើរការ លទ្ធិប្រជាធិបតេយ្យដូចដែលយើងបានឃើញនៅក្នុងប្រទេសជាច្រើន។ ទន្ទឹមនេះប្រទេសកម្ពុជា នឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដានេះ ដែលនឹងបង្ហាញឱ្យពិភពលោកបាន ឃើញថា ប្រទេសកម្ពុជា បាននិងកំពុង គោរពលទ្ធិប្រជាធិបតេយ្យ ហើយសង្ឃឹមថា នឹងមានលទ្ធផលល្អ។

ជាមួយគ្នានេះ លោក ចូស ដឺ វេណេស៊ីយ៉ា (Jose de Venecia) ប្រធានស្ថាបនិក អង្គការសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយ នៅអាស៊ី (ICAPP) បានជម្រាប ជូនសម្តេចប្រធានព្រឹទ្ធសភាថា សមាជិកក្នុងបេសកកម្មលើកនេះ គឺមកពីបណ្តាប្រទេស ចំនួន១៥ តំណាង ប្រទេសទាំង១៥នេះ មកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦។ លោកបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា តំណាងប្រទេសទាំង១៥ ដែលមកសង្កេត ការណ៍ការបោះឆ្នោតនេះ សង្ឃឹមថា ការបោះឆ្នោតដែលនឹង ប្រព្រឹត្ត ទៅនាថ្ងៃទី២៩នេះ នឹងទទួល បានជោគជ័យ។ ទន្ទឹមនឹងគ្នានោះដែរ ក៏មានវត្តមានអ្នក ឆ្លើយឆ្លងព័ត៌មាន និងអ្នកកាសែតអន្តរជាតិដែលមកពីច្រើនប្រទេស មកជួយធ្វើជាសាក្សី ចំពោះការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នេះផងដែរ។

លោកក៏បានជូនពរសូមឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះ ទទួលបានជោគជ័យ។ សម្តេចភក្តី សាយ ឈុំ បានថ្លែង អំណរគុណចំពោះប្រសាសន៍កោតសរសើរ របស់ លោក អង់ដ្រេ ប៉ាសត្រាណា និងលោក ចូស ដឺ វេណេស៊ីយ៉ា និងបានប្រសិទ្ធិ ពរជូនគណៈ ប្រតិភូ មានសុខភាពល្អ ទទួលបានជោគជ័យ ក្នុងការបំពេញបេសក កម្មសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នៅកម្ពុជា៕

ដោយ ប៉ាល់ សុង