មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃប្រាប់អ្នកសង្កេតការណ៍អន្តរជាតិថា ការបោះឆ្នោតថ្ងៃស្អែកនេះ នឹងមានលក្ខណៈល្អជាងការបោះឆ្នោតមុនៗ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ –មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់ទៅអ្នកសង្កេតការណ៍ អន្តរជាតិដែលចូលរួម សង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះថា ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាស្អែកនេះ ធានាមានលក្ខណៈល្អជាងការបោះឆ្នោតមុនៗ បើទោះបីជា មានការរិះគន់ថាការបោះឆ្នោតខាងមុខ នេះគឺមានលក្ខណៈក្លែងក្លាយក៏ដោយចុះ។

ក្នុងសន្និសីទសារព័ត៌មានដើម្បីបំភ្លឺពីស្ថានភាពនយោបាយ និងដំណើរការបោះឆ្នោត នៅកម្ពុជាដល់ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាន លើកយកនូវមូលហេតុមួយចំនួនដើម្បីគាំទ្រចំពោះ ការវាយតម្លៃថាការបោះឆ្នោតស្អែកនេះល្អជាងការបោះឆ្នោតមុនៗ ត្រង់ថា ក្របខ័ណ្ឌច្បាប់ និង បទបញ្ជានៃការបោះឆ្នោតកាន់តែរឹងមាំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យជ ហើយសមាជិក និងមន្រ្តីគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតមានចំណេះដឹង បទពិសោធន៍កាន់តែល្អប្រសើរ។ ក្រៅពីនេះ រចនាសម្ពន្ធនៃការគ្រប់គ្រងនៃការបោះឆ្នោតក៏កាន់តែល្អប្រសើរផងដែរ ប្រសិនធ្វើការ ប្រៀបធៀបពីការបោះឆ្នោតមុនៗនោះ ដែលទាំងអស់នេះហើយ អាចឆ្លុះបញ្ចាំងឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះ ពិតជាមាន លក្ខណៈល្អជាងការបោះឆ្នោតមុនៗ។ នេះគឺជាការបញ្ជាក់របស់ឯកឧត្តម ព្រំ សុខា។

ឯកឧត្តមបានបន្ដថា ចំពោះបញ្ហាសន្តិសុខនៃការបោះឆ្នោតវិញ ត្រូវបានមន្រ្តីជាន់ ខ្ពស់រាជរដ្ឋាភិបាលមួយ នេះធានាថានឹងមានសន្តិសុខសណ្តាប់ធ្នាប់ល្អដើម្បីធានាបរិយាកាសនៃដំណើរការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ស្អែកនេះ ដំណើរការទៅដោយរលូន ត្រឹមត្រូវ សេរី តម្លាភាព និងយុត្តិធម៌។

សូមជម្រាបថា ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចាប់ផ្តើមឡើងនៅ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមាន គណបក្ស នយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែងនៅក្នុងការ បោះឆ្នោតនេះ។ ដោយឡែក ចំពោះអ្នកសារព័ត៌មានវិញ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិចំនួនជាង១.២០០នាក់ មកពី១៦១អង្គភាព ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរ ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨នេះ។ ចំពោះអ្នកសង្កេត ការណ៍ជាតិ និងអន្តរជាតិវិញ គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការមានចំនួន សរុបជាង ៨ម៉ឺននាក់ ដែលនឹងចូលរួមសង្កេតការណ៍នៅក្នុងការ បោះឆ្នោតជាតិ ខាងមុខនេះ៕

ដោយ ចាន់ សុធីវង្ស