គ.ជ.ប ប្រកាសពីភាពជោគជ័យសម្រាប់ការហែក្បូនឃោសនាបោះឆ្នោតក្នុងឆ្នាំ២០១៨នេះ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨–គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសពីភាពជោគជ័យសម្រាប់ការហែក្បួន ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨នេះ ដែលបានចាប់ផ្តើម តាំងពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត គឺមានភាពល្អប្រសើរ ខុសពីអាណត្តិមុន។

សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងក្នុងកិច្ចប្រជុំជា មួយភាគីពាក់ព័ន្ធ នារសៀលថ្ងៃទី២៧ ខែកក្កដានេះថា បរិយាកាសនៃការហែក្បួនឃោសនា អាណត្តិទី៦នេះគឺប្រព្រឹត្តទៅដោយរលូន ដោយគ្មានអំពើហិង្សាអ្វីកើតឡើងនោះទេ ហើយ ពាក្យ​​បណ្តឹងដែលប្តឹងដោយគណបក្សនយោបាយក៏មានចំនួនតិចនោះដែរ ដែលខុសពី អាណត្តិមុន។ ឯកឧត្តមបានបន្ដថា ក្នុងអាណត្តិនេះសម្រាប់អំឡុងពេល នៃយុទ្ធនាការឃោស នា បោះឆ្នោត គ.ជ.ប បានទទួលពាក្យបណ្តឹងតែចំនួន៣០ប៉ុណ្ណោះ ខណៈដែលអាណត្តិទី៥ គឺមានចំនួនជាង៣០០បណ្តឹង ហើយចំនួននេះគឺខុសគ្នាដាច់ពីអាណត្តិមុន។

ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេលនៃការឃោសនាបោះឆ្នោតនេះដែរ គឺសកម្មជន នៃគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងនោះបានចេញឃោសនារកសំឡេងឆ្នោត នៅលើដងផ្លូវនោះគឺមានចំនួនជិតពីរលាននាក់ ដោយប្រើប្រាស់រថយន្តចំនួនជាង៦ម៉ឺនគ្រឿង និងម៉ូតូ និងម៉ូតូកង់បីជាង៣០ម៉ឺនគ្រឿង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា មានបណ្តឹងចំនួន៥ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ រយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដានេះ។ ក្នុងបណ្តឹងចំនួន៥នេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បាត់ដំបង សម្រេចយល់ព្រមតាមដើមបណ្តឹង ដោយពិន័យជាប្រាក់ទៅចុងបណ្តឹងចំនួន បុគ្គល៥នាក់ ដោយក្នុងម្នាក់ៗចំនួន១០លានរៀល។

គ.ជ.ប បានឱ្យដឹងបន្ថែមថា ក្នុងអំឡុង ពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានបណ្តឹងសរុបចំនួន៣០បណ្តឹង ដែលត្រូវបាន ប្តឹង ប៉ុន្តែមាន២៩បណ្តឹង ត្រូវបានដោះស្រាយចប់រួចរាល់នៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀប ចំការបោះឆ្នោត ខណៈដែល១បណ្តឹងទៀត ត្រូវបានដាក់ផ្ទាល់នៅគណៈកម្មការរាជធានី​ខេត្តរៀបចំការបោះឆ្នោត។

ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងទៀតថា រហូតមកដល់ពេលនេះ គ.ជ.ប បាន អនុញ្ញាតឱ្យអ្នកសារព័ត៌មានអន្តរជាតិជាង២០៣នាក់ មកពី៦៦អង្គភាព ចូលយកព័ត៌មានបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដាខាងមុខនេះ។ ជាមួយគ្នានេះ គ.ជ.ប ក៏បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមឃ្លាំ មើលការបោះឆ្នោតកើនដល់ជាង៨ម៉ឺននាក់ ក្នុងនោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ចំនួន៣២២នាក់ មកពីប្រទេសស្ថាប័ន និងស្ថានទូតចំនួន៤២៕

ដោយ ចាន់ សុធីវង្ស