អភិបាលខេត្តតាកែវបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូមួយខ្សែប្រវែង ៤.៥០០ម៉ែត្រ

AKP តាកែវ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨–​អភិបាលខេត្តតាកែវចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូមួយខ្សែប្រវែង ៤.៥០០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ ចំណុចជិតគីឡូម៉ែត្រលេខ៧៧ ត្រង់ខ្លោង ទ្វារចូលវត្តអង្គត្នោត ក្នុងឃុំតាសោម​ ដល់ព្រំប្រទល់​ឃុំតាភេម​ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងពិធីនោះដែរ ក៏មានការចូលរួមពីលោក អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងស្រុកត្រាំកក់ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំ អង្គតាសោម យ៉ាងច្រើនកុះករ។

ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ អាជ្ញាធរមូលដ្ឋានឱ្យជួយអប់រំដល់ប្រជាពលរដ្ឋ ពេលសង់ផ្ទះឬសាងសង់របងផ្ទះសូម កុំសាងសង់លើដីចំណីផ្លូវរបស់រដ្ឋ ​ព្រោះវានាំឱ្យខូចខាតទ្រព្យសម្បត្តិរបស់ពួកគាត់។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្តទៀតថា ដីចំណីផ្លូវនេះមានចែងយ៉ាងច្បាស់ហើយអំពីអ័ក្ស ដែលកំណត់ចេញពីអ័ក្សប៉ុន្មាន ម៉ែត្រទៅដីចំណីផ្លូវ។ ដូច្នេះដើម្បីចៀសវាងបញ្ហាកុំឱ្យកកើតមានឡើងឬនាំឱ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ក្នុងនាមយើងជាអាជ្ញាធរត្រូវធ្វើការអប់រំណែនាំប្រជាពលរដ្ឋឱ្យបានយល់ដឹង កាន់តែច្បាស់ អំពីដីចំណីផ្លូវនេះ។

​ឯកឧត្តមអភិបាលខេត្តតាកែវបានសង្កត់ធ្ងន់ថា ការហាមឃាត់មិនឱ្យ ប្រជាពលរដ្ឋ សាងសង់ដីចំណីផ្លូវនេះ គឺជាការចូលរួមចំណែក និងបង្ហាញឱ្យឃើញពីការយល់ដឹងការគោរព ច្បាប់របស់ប្រជាពលរដ្ឋទៅលើដីចំណីផ្លូវ ពិសេសគឺនៅពេលដែលរដ្ឋត្រូវការធ្វើការពង្រីកផ្លូវ ឬជួសជុលផ្លូវចាក់កៅស៊ូជាដើម គឺវាមិនប៉ះពាល់ឬក៏ខូចខាតទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋនោះឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការអំពាវនាវទៅ ដល់បងប្អូន ប្រជាពលរដ្ឋនៅពេលដែលទទួលបានផ្លូវចាក់កៅស៊ូស្អាត ហើយសូមចូលរួម គោរពច្បាប់ ចរាចរណ៍ឱ្យបានទាំងអស់គ្នា ហើយឯកឧត្តមក៏សុំសំណូមពរដល់ក្រុមការងារសាងសង់ផ្លូវនេះ ធ្វើយ៉ាងណាឱ្យផ្លវនេះមានគុណភាពល្អរឹងមាំ និងត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេសផងដែរ៕

ដោយ អ៊ុច សៀង