ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងខេត្តមណ្ឌលគិរី

AKP មណ្ឌលគិរី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨–​នៅខេត្តមណ្ឌលគិរី មានការដង្ហែក្បួនឃោសនាដែរ ប៉ុន្តែសម្រាប់ខេត្តភាគឦសាន មួយនេះមានតែគណបក្សនយោបាយតែមួយប៉ុណ្ណោះ ដែលសស្រាក់សស្រាំក្នុងការ ធ្វើយុទ្ធនាការនេះ។

​លោក គិន ជាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ដមណ្ឌលគិរី ថ្លែងឱ្យដឹងនៅព្រឹកថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ថា នៅថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលធ្វើយុទ្ធនាការទូទាំងខេត្ត ក្រុង ស្រុក ក្នុងនោះបក្សនយោបាយផ្សេងទៀតចំនួន១០ ដែលបានចុះឈ្មោះឈរជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នេះបានធ្វើសកម្មភាពឃោសនាតែ០៤គណបក្សតែប៉ុណ្ណោះ។

លោក គិន ជាន បន្តថា ក្នុងចំណោមបក្សទាំង០៤មានតែបក្សប្រជាជនកម្ពុជា ដែលធ្វើក្បួនដង្ហែធំជាងគេ ចំណែកបក្សបីទៀត បានធ្វើត្រឹមចែកខិតប័ណ្ណគោលនយោបាយ និងចាក់មេក្រូតាមគោលដៅសំខាន់ៗតែប៉ុណ្ណោះ។
​លោកប្រធានរូបនេះបានបញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី ដែលមានការិយាល័យ សរុបចំនួន១២៧ មានការិយាល័យមួយក្នុងចំណោមនោះនិងត្រូវដឹកសម្ភារបម្រើការបោះ ឆ្នោះដោយសត្វដំរី។

លោកបញ្ជាក់ទៀតថា ការិយាល័យលេខ០០៨៣ស្ថិតក្នុងភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា មានចម្ងាយប្រមាណជាង៣០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងប្រើពេល ដើរថ្មើរជើងជាង៣ម៉ោង ដោយឆ្លងកាត់ទឹកអូរផ្លាយដែលមានទឹកជោរ ជន់ទំហំជាង ៣០ម៉ែត្រ។

​ក្នុងថ្ងៃបិទការឃោសនានៅថ្ងៃទី២៧ ខែកក្កដានេះដែរ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់ អាវុធខេត្តបានបញ្ជាក់ថា មិនមានកើតឡើងបាតុភាពមិនប្រក្រតីណាមួយធ្វើឱ្យប៉ះពាល់ ក្បួនឃោសនានោះទេ៕

ដោយ ចាន់បុត្រ