វៀតណាម និងសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយុត្តាធិការឱ្យកាន់តែខ្លាំង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ –ប្រទេសវៀតណាម និងសិង្ហបុរីនឹងបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យយុត្តាធិការឱ្យកាន់តែខ្លាំងឡើង បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង លោក Nguyen Hoa Binh ប្រធានផ្នែកយុត្តិធម៌នៃតុលាការប្រជាជនជាន់ខ្ពស់របស់វៀតណាម និងសមភាគីសិង្ហបុរី លោក Sundaresh Menon កាលពីថ្ងៃទី ២៥ ខែកក្កដា។

ពិធីចុះហត្ថលេខារវាងថ្នាក់ដឹកនាំផ្នែកយុត្តិធម៌ទាំងពីរនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេ បាន ប្រព្រឹត្តទៅក្រោមក្របខ័ណ្ឌនៃកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋអាស៊ានលើកទី ៦ (CACJ) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែកក្កដា។

ថ្លែងនៅឯពិធីចុះហត្ថលេខានេះ ប្រធានយុត្តិធម៌នៃតុលាការជាន់ខ្ពស់សិង្ហបុរី លោក Sundaresh Menon បានស្នើឱ្យមានការបង្កើតយន្តការមួយរវាងភាគីទាំងពីរ សម្រាប់ការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ស្តីពីជម្លោះឆ្លងដែន និងបង្កើតកិច្ចសហប្រតិបត្តិការរវាងតុលាការពាណិជ្ជកម្មអន្តរជាតិសិង្ហបុរី និង តុលាការប្រជាជនជាន់ខ្ពស់វៀតណាម។

លោកក៏បានស្នើឱ្យភាគីទាំងពីរ រួមគ្នាបង្កើតច្បាប់គំរូស្តីពីសេវានៅក្រៅប្រទេសនៃឯកសារតុលាការក្នុង រឿងរដ្ឋប្បវេណី ដោយពិចារណាទៅលើការចុះហត្ថលេខាលើឯកសារ ដែលណែនាំពីការអនុវត្ត ពិន័យជាប្រាក់និង លើកកម្ពស់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូរវាងមហាវិទ្យាល័យយុត្តាធិការសិង្ហបុរី និងសាលាចៅក្រមវៀតណាម។

លោក Binh បានគាំទ្រសម្រាប់សំណើខាងលើនេះ។ ក្នុងពេលជាមួយគ្នានេះដែរ លោកបានស្នើដល់ ភាគីសិង្ហបុរីឱ្យបញ្ជូនចៅក្រមដែលមានបទពិសោធន៍ខ្ពស់ មកធ្វើជាគ្រូបណ្តុះបណ្តាលដល់នៅ វៀតណាម ព្រមទាំងជួយដល់វៀតណាមក្នុងការបង្កើតរូបមន្តមួយស្តីពីការផ្សះផ្សាដោយតុលាការផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)