ភ្នាក់ងារចារកម្មអាហ្វហ្កានីស្ថាន ៥នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្រុងកាប៊ុល

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ –ប៉ូលិសបាននិយាយថា ភ្នាក់ងារចារកម្មយ៉ាងហោចណាស់ ៥នាក់ បានស្លាប់ និង ៤នាក់ទៀតរបួសបន្ទាប់ពីគ្រាប់បែកបង្កប់ក្នុងរថយន្តអត្តឃាតតាលីបង់មួយ បាន វាយប្រហារក្បួនរថយន្តរបស់ពួកគេក្នុងផ្នែកភាគខាងលិចទីក្រុងរដ្ឋធានីកាប៊ុលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។

សាក្សីឈ្មោះ ម៉ូហាម៉ាដ សាហ្វិក បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ឧប្បត្តិហេតុនេះបានកើតឡើង នៅប្រហែលម៉ោង ៤: ៤៥ នាទីព្រឹកម៉ោងក្នុងស្រុកនៅក្នុងសង្កាត់ Bagh –I –davod ។ កន្លែងទាំងមូល នេះឥឡូវនេះត្រូវបានគេបិទហើយ ការបំផ្ទុះដ៏ខ្លាំងនេះ ក៏បានធ្វើឱ្យខូចខាតរថយន្តជាច្រើន គ្រឿង ព្រមទាំងលំនៅឋាន នឹងហាងលក់ដូរ ដែលនៅក្បែរនោះ ។

លោក ហាស្មាត ស្តានិកហ្សៃ អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល ម្នាក់បានប្រាប់ស៊ីនហួថា ព័ត៌មានលំអិត ថែមទៀត នឹងត្រូវគេចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍នេះ ។

សាក្សីនោះបាននិយាយបន្ថែមថា អ្នកស្លាប់និងរបួសត្រូវបានគេយកទៅកាន់មន្ទីរពេទ្យតាមរថយន្ត ជួយសង្គ្រោះ និងរថយន្តយោធា ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ បានប្រកាសទទួលខុសត្រូវភ្លាមៗ បន្ទាប់ពីការវាយប្រហារនេះ ។
ទីក្រុងរដ្ឋធានីដែលមានប្រជាជនជិត ៥លាននាក់ត្រូវបានវាយប្រហារដោយការវាយប្រហារភេរ- វកម្មជាបន្តបន្ទាប់ ក្នុងពេលពីរឆ្នាំកន្លងទៅនេះ ។

កាលពីថ្ងៃអាទិត្យមនុស្ស២៣នាក់បានស្លាប់ និង ១០៧នាក់ទៀតរបួសបន្ទាប់ពីភេរវជនរដ្ឋអ៊ីស្លាម ( IS ) ម្នាក់បានបំផ្ទុះអាវកាក់មានគ្រឿងផ្ទុះរបស់គាត់នៅឯរង្វង់មូលចរាចរ ដែលមានមនុស្សកកកុញមួយ នៅខាងក្រៅព្រលានយន្តហោះរបស់រដ្ឋធានី បន្ទាប់ពីក្បួនរថយន្តមួយ របស់អនុប្រធានាធិបតី អាហ្វហ្គានីស្ថាន បានឆ្លងកាត់តំបន់នោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )