កង្វះខាតធនធានគ្រូ និងថវិកាធ្វើឱ្យសហព័ន្ធខ្មែរកីឡាហាប់គីដូ ជួបបញ្ហាក្នុងការពង្រីក សក្តានុពល នៅទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨–សហព័ន្ធខ្មែរកីឡាហាប់គីដូមានបំណងចង់ពង្រីកការ អភិវឌ្ឍប្រភេទកីឡារបស់ខ្លួនឱ្យបាន តែកាន់ទូលំទូលាយ នៅទូទាំងប្រទេស ប៉ុន្តែសហព័ន្ធកំពុងជួបបញ្ហាកង្វះខាតធនធាន គ្រូបង្វឹក និងថវិកា។

នេះបើតាមការថ្លែងបញ្ជាក់ពីលោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធ ខ្មែរកីឡាហាប់គីដូ។

អគ្គលេខាធិការរូបនេះបានបន្តថា ប្រសិនបើយើងបើកសាលាគុននៅតាមខេត្តត្រូវចំណាយ ថវិកាច្រើន ដូចជា រកទីកន្លែងហ្វឹកហាត់ កន្លែងស្នាក់នៅរបស់គ្រូបង្វឹក ហើយចំពោះទីកន្លែង ហ្វឹកហាត់នៅតាមបណ្តាខេត្ត លោកជឿជាក់ថា មានកន្លែងធំទូលាយ មិនចង្អៀតដូច រាជធានី ភ្នំពេញឡើយ និងអាចផ្តល់ភាពងាយស្រួលដល់កីឡាករ-កីឡាការិនីឱ្យចូលរួមហ្វឹកហាត់បាន ច្រើនជាង។ ប៉ុន្តែបច្ចុប្បន្ននេះ សហព័ន្ធពុំទាន់មានលទ្ធភាពបញ្ជូនគ្រូ ក៏ដូចជាថវិកាសម្រាប់ ចំណាយក្នុងការពង្រីកសក្តានុពលវិស័យគុននៅកម្ពុជា ដែលមានប្រភពមកពីប្រទេសកូរ៉េ នៅឡើយទេ។

លោកសង្ឃឹមថា នាថ្ងៃអនាគតសហព័ន្ធនឹងខិតខំធ្វើយ៉ាងណា ឱ្យមានសាលា គុន នៅតាមបណ្តាខេត្តមួយចំនួន ដើម្បីឱ្យប្រភេទកីឡាហាប់គីដូកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។

ជាមួយនឹងជំនឿចិត្តយ៉ាងមុតមាំការពង្រីកវិសាលភាពក្បាច់គុនមួយនេះ លោក គង់ ចាន់ធីណា បានអះអាងយ៉ាងដូច្នេះថា “បច្ចុប្បន្នសហព័ន្ធកំពុងគិតគូពីបញ្ហានេះយ៉ាងខ្លាំងដែរ ប៉ុន្តែយើងនៅខ្វះធនធានច្រើន ហើយអ្វីដែលយើងកំពុងធ្វើគឺយើងធ្វើជាជំហានៗ”។

គួរបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធខ្មែរកីឡាហាប់គីដូមានក្លឹបជាសមាជិកចំនួន៣ នៅរាជធានី ភ្នំពេញទាំងអស់ ក្នុងនោះ មានក្លិប Master Seng, ក្លិបឥន្ត្រី និងក្លិបអូឡាំពិក ដែលទីតាំងស្ថិត នៅពហុកីឡដ្ឋានជាតិ ក្នុងអគារមជ្ឈមណ្ឌលកីឡាសូហ្វតិន្នីសកម្ពុជា៕


ដោយ ហេង ណាលីន