គ.ជ.ប ពិន័យសកម្មជនអតីតគណបក្សប្រឆាំងចំនួន៥នាក់ ដែលធ្វើយុទ្ធនាការម្រាមដៃស្អាត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេច​ពិន័យ​ជាប្រា​ក់​ចំ​ពោះបុគ្គលអតីតគណបក្សសង្រ្គោះជាតិចំនួន៥នាក់ ដែលធ្វើយុទ្ធនាការម្រាមដៃស្អាត ក្នុងគោល​បំណងបំផុសប្រជាពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ​២០១៨​។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា មានបណ្តឹងចំនួន៥ ពាក់ព័ន្ធនឹង​យុទ្ធនាការម្រាមដៃស្អាត ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនារក​សំឡេងឆ្នោតជ្រើស​តាំងតំ​ណាងរាស្ត្រ អាណត្តិទី៦ រយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដានេះ។
គ.ជ.ប បានបញ្ជាក់ថា បណ្តឹងចំនួន៥នេះ ត្រូវបានគណៈកម្មការរៀបចំការបោះ​ឆ្នោតខេត្តបាត់​ដំបង សម្រេចយល់ព្រមតាមដើមបណ្តឹង ដោយពិន័យជាប្រាក់ទៅចុងបណ្តឹងចំនួនបុគ្គល៥នាក់ ដោយក្នុងម្នាក់ៗចំនួន១០លានរៀល។
គ.ជ.ប បានឱ្យដឹងបន្ថែមថា ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានបណ្តឹង​សរុបចំនួន៣០បណ្តឹង ដែលត្រូវបានប្តឹង ប៉ុន្តែមាន២៩បណ្តឹង ត្រូវបានដោះស្រាយចប់រួច រាល់​នៅថ្នាក់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ខណៈ១បណ្តឹងទៀត ត្រូវបានដាក់​ផ្ទាល់​នៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត។
ទោះជាយ៉ាងនេះក្តី គ.ជ.ប បានអះអាងថា យុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ២០១៨នេះ បាន​ប្រកបដោយបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងប្រព្រឹត្ត​ទៅ​ដោយ​លូន គ្មានអំពើហិង្សាក្នុងក្របខណ្ឌទូទាំងប្រទេស។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែក​ក្ក​ដា​​នេះ គណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង​ដណ្តើមអាសនៈរដ្ឋស​ភាសរុប​១២៥​អាសនៈ បន្ទាប់ពីមានប្រជាពលរដ្ឋកម្ពុជាសរុប៨.៣៨០.២១៧នាក់ បានចុះឈ្មោះ ដើម្បីបោះ​ឆ្នោត​ជ្រើសតាំងតំណាងរបស់ខ្លួន៕