ក្រសួងសុខាភិបាលអំពាវឲ្យប្រជាពលរដ្ឋការពារសុខភាពក្នុងរដូវទឹកជំនន់

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកចេម ហួត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអំពាវឲ្យប្រជាពលរដ្ឋត្រូវចេះការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក្នុង​​រដូវទឹក​ជំនន់ ខណៈរដូវនេះ ប្រជាពលរដ្ឋជាពិសេសកុមារ និងមនុស្សចាស់ ងាយនឹងប្រឈមខ្ពស់​​ចំពោះ​​បញ្ហាសុខភាព​​ដែលបង្ក​​ឡើងដោយជំងឺផ្សេងៗ ។

ឯកត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវប្រកាន់ភ្ជាប់នូវហូបស្អាត រស់នៅស្អាត និងផឹកស្អាតដើម្បីការពារកុំឲ្យឆ្លងនូវជំងឺផ្សេងៗដែលបណ្តាលមកពីទឹកខ្វក់និងមានមេរោគជាច្រើន ។

ក្នុងសេចក្តីណែនាំមួយកាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៨ឯកត្តម ម៉ម ប៊ុនហេងបានមានប្រសាសន៍ថា នៅពេល​​មាន​​ទឹក​​ជំនន់​​នឹងធ្វើឲ្យមានឆ្លងជំងឺផ្សេងៗដូចជា ការពុលចំណីអាហារ ជំងឺរាគ អាសន្នរោគ គ្រុនចាញ់ គ្រុនឈាម ជំងឺរមាស់ ភ្នែក​​ក្រហម រលាកផ្លូវដង្ហើម របួសដោយសារការប៉ះទង្គិចនឹងវត្ថុផ្សេងៗ ពស់ចឹក លង់ទឹក និងវិបត្តិផ្លូវចិត្តផងដែរ។

ឯកត្តម រដ្ឋមន្ត្រីបានណែនាំឲ្យប្រជាពលរដ្ឋត្រូវសំរាន្តនៅក្នុងមុងដើម្បីការពារមូសខាំ នាំឲ្យកើតជំងឺគ្រុនឈាម គ្រុន ចាញ់ ព្រមទាំងត្រូវប្រុងប្រយ័ត្នចំពើសត្វពស់ឬសត្វអសិរពិសផ្សេងៗ ត្រូវធ្វើអនាម័យបរិស្ថានជុំវិញនិងក្នុងផ្ទះ ត្រូវស្តារ​​និង​​លាង​​សំអាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់និងជួសជុលនិងសាងសង់ឡើងវិញនិងត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។
ក្រសួងសុខាភិបាលក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវចេះតាមដានពីស្ថានភាពទឹកជំនន់ដើ ម្បីត្រៀមរកទីទួល​​សុវត្ថិ​ភាព​​និងស្បៀងអាហារឲ្យបានគ្រប់គ្រាន់នៅពេលមានទឹកជំនន់។

ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាននិងពិនិត្យផ្ទៃពោះទៅតាមការកំណត់របស់មណ្ឌលសុខភាពឬមន្ទីរពេទ្យបើស្ត្រីជិតគ្រប់ខែដល់ពេលសម្រាលត្រូវស្វែងរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាពមន្ទីរពេទ្យដែលនៅជិតបំផុត។

ត្រូវនាំកូនៗទៅទទួលថ្នាំបង្ការទៅតាមការកំណត់របស់គ្រូពេទ្យនិងផ្តល់ចំណីអាហារដល់កុមារឲ្យបានត្រឹមត្រូវនិងត្រូវការពារកុមារកុំឲ្យលេងទឹក និងត្រូវចេះជួយដល់ស្រ្តី មានផ្ទៃពោះ កុមារ មនុស្សចាស់ និងជនពិការ នៅក្នុងកំឡុងពេល​​ទឹក​​ជំនន់​។

ឯកត្តម អំពាវឲ្យប្រជាពលរដ្ឋមានបញ្ហាសុខភាពត្រូវស្វែងរកការពិគ្រោះនិងពិនិត្យព្យាបាលជំងឺជាបន្ទាន់​​នៅប៉ុស្តិ៍សុខភាព​​ក្នែរទី​​ទួល​សុវត្តិភាពឬមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបងបង្អូនបំផុត៕