អភិបាលរាជធានីភ្នំពេញ សុំឲ្យមន្ទីរសុខាភិបាល យកចិត្តទុកដាក់ ពីសុខភាពប្រជាពលរដ្ឋ នៅតំបន់លិចលង់ដោយទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក អ៊ួង វុធ រូបថត លោក ចន ណារិទ្ធ៖

អភិបាលរាជធានី ស្នើឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់គិតគូរ ពីសុខភាពប្រជាពលរដ្ឋ នៅតំបន់រងគ្រោះដោយទឹកជំនន់ ដែលលិចលង់ផ្ទះសំបែង នៅតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ដើម្បី ជួយពិនិត្យនិងព្យាបាល ផ្តល់ថ្នាំសង្កូវសព្វបែបយ៉ាងជូនប្រជាពលរដ្ឋ នៅពេលពួកគាត់មានជម្ងឺដង្កាត់កើតឡើង។

ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកជំនន់ នៅតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញថ្មីៗនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមន្ទីរ សុខាភិបាលរាជធានី និងអាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌ សហការគ្នា ជួយតាមដានពិនិត្យ មើលអំពីតម្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់លិចលង់លំនៅដ្ឋាន ថាតើពួកគាត់ចង់បានអ្វី ខ្វះខាតអ្វី អាជ្ញាធរអាចជួយពួកគាត់បានភ្លាមៗតែម្តង។ ឯកឧត្តម អភិបាលបន្តថា អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ក្នុងករណីមានទឹកឡើងត្រូវដាក់កម្លាំង ដើម្បីត្រៀមសង្គ្រោះបឋមរំដោះបងប្អូនមករកន្លែងមានសុវត្ថិភាពផ្តល់ស្បៀងអាហារ និងថ្នាំសង្កូវជូនបងប្អូនបានទាន់ពេល។ ដែលទាំងអស់នេះ គឺជាហ៊រគិតគូរ យកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ។

ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងទៀតថា បញ្ហាដែលអាជ្ញាធរប្រុងប្រយ័ត្នគឺទី១បញ្ហាស្បៀងទី២គឺអាជ្ញាធរបានបញ្ជូន មន្ត្រីសុខាភិបាល រាជធានីភ្នំពេញមកដាក់បោះតង់បើកគណៈបញ្ជាការស្រាល ដើម្បី ព្យាបាលជូនប្រជាពលរដ្ឋ ព្រមទាំងថ្នាំសង្កូវសព្វបែបយ៉ាង ដើម្បី ធ្វ់យ៉ាងណាទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនឲ្យមានភាពប្រក្រតី។ឯកឧត្តម បន្តថា មន្ទីរសុខាភិបាលរាជធានី ត្រូវចុះពិនិត្យដល់មូលដ្ឋាន ដែលលិចលង់ដោយទឹកជំនន់ផ្ទាល់ ដើម្បី ជួយបង្ការទប់ស្កាត់ នូវជំងឺដង្កាត់កើតមានផ្សេងៗ មកលើប្រជាពលរដ្ឋ ដែលកំពុងទទួលរងការលិចលង់ទឹកជំនន់នេះ។ ឯកឧត្តម អភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផងដែរ ដែលកំពុងរស់នៅក្នុងតំបន់ទឹកជំនន់ ត្រូវចេះប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅ ខណៈដែលរាជធានីភ្នំពេញ មានតំបន់មួយចំនួន កំពុងរងនូវការជន់លិចលង់ដោយទឹកជំនន់ នៅតាមសណ្តរស្ទឹងព្រែកត្នោតនេះ៕