ស្ថាបនាឡើងវិញ ផ្លូវ បេតុងចូល វត្តកំពង់ក្ដុលក្នុងសង្កាត់ សាក់សំពៅ ដែលរងខូចខាតដោយទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតស្ទើរទាំងស្រុង

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ កំណាត់ផ្លូវបេតុងមួយខ្សែស្ថិតនៅតាម

ចូល វត្តកំពង់ក្ដុលក្នុងសង្កាត់ សាក់សំពៅ ខណ្ឌ ដង្កោ ដែលទទួលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរកាលពីប៉ុន្មានថ្ងៃមុននោះបាននិងកំពុងស្ថាបនាឡើងវិញហើយ ក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ខណៈដែលលោកចុះ ពិនិត្យមើលជាក់ស្តែងកាលពីថ្ងៃទី២៦ កក្កដា ២០១៨នេះ។

មន្ត្ថ្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បន្ទាប់ពី លោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ចុះ ពិនិត្យ មើលផ្លូវ បេតុងចូល វត្ត រនតៈតេជៈ ហៅវត្ត កំពង់ក្ដុល ស្ថិត នៅ សង្កាត់ សាក់សំពៅ ខណ្ឌ ដង្កោ ដែលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរ មិនអាចធ្វើចរាចរបាន នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨នេះ មន្ទីរ សាធារណការ និង ដឹក ជញ្ជូនរាជធានីភ្នំពេញ បានចុះ ជួសជុល ឡើងវិញជាបន្ទាន់ហើយ ដើម្បីជួយ សម្រួល ការ ធ្វើ ដំណើរ របស់ ប្រជាពលរដ្ឋ។

គួរបញ្លាក់ផងដែរថា លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  រួមជាមួយមន្ត្រីពាក់ពន្ធ័ អាជ្ញាធរដែនដីនារសៀលថ្ងៃទី២១ កក្កដា និងព្រឹកថ្ងៃទី២៦ កក្កដា២០១៨នេះ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងនិងសួរសុខទក្ខប្រជាពលរដ្ឋដែលកំពុងទទួលរងការលិចលង់ផ្ទះសំបែងនៅតំបន់១ចំនួនក្នុង ខណ្ឌដង្កោ ក្រោយពីប្រជាពលរដ្ឋចំនួន២៦ភូមិ  នៅក្នុងសង្កាត់ចំនួន០៩ខណ្ឌនេះ ទទួលរងការលិចលង់។ ក្នុងនោះសង្កាត់ដែលទទួលរងការលិចលង់ធ្ងន់ធ្ងរជាងគេ គឺ

សង្កាត់សាក់សំពៅ មាន០៦ភូមិ  ៤៥៤គ្រួសារ មនុស្សចំនួន២០៤៩នាក់ និងធ្វើអោយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានទទួលរងការខូចខាតធ្ងន់ធ្ងរផងដែរ ។

ជាក់ស្តែង កំណាត់ផ្លូវបេតុងមួយខ្សែស្ថិតនៅតាម

ចូល វត្តកំពង់ក្ដុលក្នុងសង្កាត់ សាក់សំពៅ ខណ្ឌ ដង្កោ ដែលទទួលរងបាក់ស្រុតធ្ងន់ធ្ងរដោយទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះនោះបាននិងកំពុងស្ថាបនាឡើងវិញហើយ ពោលគឺ បន្ទាប់ពីលោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ចុះ ពិនិត្យមើលជាក់ស្តែងកាលពីប៉ុន្មានថ្ងៃបន្តបន្ទាប់គ្នានេះ៕