សភាកម្ពុជាខកចិត្តចំពោះសភាអាមេរិក ដែលបានអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី ៖

រដ្ឋសភាកម្ពុជា បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះសភាតំណាងរាស្រ្តអាមេរិក ដែលបានអនុម័ត«ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨» កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដានេះ បានលើកឡើងថា ជាទង្វើនៃការបំពាន ដោយស្តង់ដារ ដែលថា «អ្នកធំមិនចេះខុស» ហើយទង្វើនេះស្មើនឹងការប្រកាសនូវអរិយភាពប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់នៃប្រទេសមួយ ដែលមិនអាចសះជាបាន។

សភាកម្ពុជា បញ្ជាក់ថា នយោបាយការបរទេសរបស់កម្ពុជា បានចាក់ឫសយ៉ាងជ្រៅទៅក្នុងគោលការណ៍សន្តិសហវិជ្ជមាន ដែលតែងតែស្វែងរកមិត្ត និងមិនចងសត្រូវជាមួយប្រទេសណាមួយ។ ផ្ទុយទៅវិញ ដូចបណ្តារដ្ឋអធិបតេយ្យនានាដែរ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរមិនងាករេក្នុងការការពារសន្តិភាព អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា ប្រឆាំងនឹងការបំពារបំពាន ឬការជ្រៀតជ្រែកពីសំណាក់ស្ថាប័នបរទេស ទោះជាក្រោមលេសណាមួយ ឬកាលៈទេសៈណាក៏ដោយ។

រដ្ឋសភាកម្ពុជា យល់ថា ច្បាប់នេះ គឺជាគម្រោងការមួយទៀត ដែលបានរៀបចំទុកជាមុនរបស់សភាអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីវាយប្រហារជាប្រព័ន្ធប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើងពីការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយដែលបានបដិសេធមិនដើរតាមភូមិសាស្ត្រនយោបាយរបស់អាមេរិក។ ការវាយប្រហារនេះ មានគោលដៅដាក់ទណ្ឌកម្មចំពោះរដ្ឋឯករាជ្យ ដែលមានឥរិយាបទមិនគោរពតាមការបញ្ជារបស់ពួកគេ ហើយបំផ្លាញនូវភាពជឿជាក់លើការបោះឆ្នោតជាសកលនៅកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

ការវាយប្រហារ បានចាប់ផ្តើមឡើងនៅពេលដែលរដ្ឋាភិបាលស្របច្បាប់កម្ពុជា បានចាត់វិធានការប្រឆាំងនឹងតួអង្គនយោបាយដែលមានទំនោរគាំទ្រ មិនប្រឆាំងនឹងការជ្រៀតជ្រែក និងស្តាប់តាមការបង្គាប់បញ្ជារបស់ពួកគេ ទោះបីជាតួអង្គទាំងនោះបានធ្វើទង្វើខុសច្បាប់ និងមិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដើម្បីដណ្តើមអំណាចយ៉ាងណាក៏ដោយ។

ច្បាប់នេះ បដិសេធទាំងស្រុងនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងដៃគូទ្វេភាគី ដែលឈរលើមូលដ្ឋានគ្រឹះនៃការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការមិនជ្រៀតជ្រែកគ្នា។

លើសពីនេះទៀត ខ្លឹមសារនៃច្បាប់នេះមានចរិករំខានថែមទៀតនៅពេលដែលបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ បានក្លាយជាគោលដៅនៃការដាក់ទណ្ឌកម្មរបស់រដ្ឋមួយទៀតដោយផ្អែកលើការចោទប្រកាន់ដែលគ្មានមូលដ្ឋានត្រឹមត្រូវ។ នេះជាការបំពានយ៉ាងកម្រោលលើគោលការណ៍អន្តរជាតិស្តីពីអធិបតេយ្យភាព សមភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋដទៃ។

សភាកម្ពុជា ឆ្លើយតបទៅសភាអាមេរិកវិញថា សូម្បីតែសហរដ្ឋអាមេរិក ក៏មិនអាចទាន់ដោះស្រាយបញ្ហាចន្លោះប្រហោងនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្លួននោះឡើយ។

រដ្ឋសភាកម្ពុជា បញ្ជាក់សារជាថ្មីអំពីជំហរមិនងាករេចំពោះការប្តេជ្ញាចិត្ត បន្តដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ ហើយកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកបដោយលក្ខណៈសេរី តម្លាភាព សណ្តាប់ធ្នាប់ល្អ និងសន្តិភាព។ ជាមួយគ្នានេះ ក៏បានអំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់ មេត្តាប្រកាន់ជំហរមិនលំអៀង ដោយចៀសវាងការធ្វើបុរេវិនិច្ឆ័យចំពោះគុណភាពសម្លេងឆ្នោតនិងការបោះឆ្នោត ដែលមានការប្រកួតប្រជែងតាមលក្ខណៈពហុបក្ស ហើយសូមឲ្យគាំទ្រកម្ពុជាបន្តដើរទៅតាមផ្លូវ ឆ្ពោះទៅកាន់ប្រជាធិបតេយ្យ សន្តិភាព នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនមានការរារាំង៕