អជ្ញាធរខេត្តស្ទឹងត្រែងបន្តចុះជួយប្រជាពលរដ្ឋនៅស្រុកសៀងប៉ាងខណៈដែលស្ថានភាពទឹកកំពង់ឡើងខ្ពស់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ទុយ សូលីដា ៖

អជ្ញាធរខេត្តស្ទឹងត្រែង បន្តចុះជួយប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ខណៈដែលស្ថានភាពទឹកកំពង់ឡើងខ្ពស់ពិសេសនៅក្នុងសៀមប៉ាងដើម្បីជៀសវាងពីគ្រោះថ្នាក់និងផលប៉ះពាល់ផ្សេងៗដល់អាយុជីវិតប្រជាពលរដ្ឋនៅក្នុងជំនន់នេះ។

លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ទឹកទន្លេសេកុង បានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន មានកម្ពស់ ១១,៩៦ ម៉ែត្រហើយ គិតមកដល់ម៉ោង ៩ ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៨ នេះ ខណៈកម្រិតទឹកដែលត្រូវប្រកាសអាសន្នឱ្យប្រុងប្រយ័ត្នមានកម្ពស់ត្រឹម ១១,៥០ម៉ែត្រ ។ លោកអភិបាលបន្តថា អាជ្ញាធរខេត្តបានដាក់កំលាំង ទាហ៊ាន ប៉ូលិស ប៉េអឹម ចំនួនជាង ៥០០នាក់ សម្រាប់អន្តរាគមន៍ក្នុងការ ចុះជួយសង្គ្រោះប្រជាពលរដ្ឋ អោយទាន់ពេលវេលា ក្នុងនោះ ក៍មានការចែកជូននូវតង់ ទៅតាមគោលដៅដែលជន់លិច ។លោកបន្តថាកំលាំងទាហ៊ានបានចែកជូនទៅតាមភូមិ ឃុំ គោលដៅ ក្នុងមួយឃុំមានចំនួនពី ៥០នាក់ ទៅ ១០០នាក់ បាត ឥឡូវនេះប្រជាជនកំពុងតែជំលាស់ចេញតាមរយៈទូក និងមានទាហ៊ានជួយចំលងអូសទាញទូកមករកទីទួលដែលមានសុវត្តិភាព ។

លោកអភិបាលស្រុកបញ្ជាក់ថា អភិបាលខេត្តស្ទឹងត្រែងបានដាក់ចេញនូវផែនការ ដល់មន្ត្រីជំនាញ ក្នុងការអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភជាបន្តបន្ទាបនៅក្នុងនោះមានជាអាទ៍ កាកបាទក្រហមកម្ពុជា សាលាខេត្ត និងអង្គការសង្គមស៊ីវិលមួយចំនួនទៀតដែលធ្វើការជួយទៅតាមលទ្ធិភាព ជាមួយគ្នានេះគិតមកដល់ថ្ងៃនេះ ទឹកជំនន់នៅក្នុងស្រុកសៀមប៉ាង ពុំមានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៦ ខែកក្ដដានេះ កំពស់ទឹកបានឡើងដល់១១,៩៦ ម៉ែត្រហើយ បានលិចភូមិចំនួន ១៧ និង ៤ឃុំ នៅក្មុងចំណោមឃុំ ទាំង៥ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បច្ចុប្បន្នអាជ្ញាធរបានជំលៀសប្រជាពលរដ្ឋទៅទីទួលសុវត្តិភាពបានចំនួនជាង១០០០គ្រួសារហើយ។