ឯកត្តម គួច ចំរើន ចូលរួមក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន១.១៩២ក្បាលដីដល់ប្រជាពលរដ្ឋនៅឃុំតាអុង ស្រុកចំការលើ

AKP កំពង់ចាម ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨–ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីចំនួន ១.១៩២ក្បាលដី ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន៤៨៩គ្រួសារ ដែលមកពីភូមិចំរើនផល និងភូមិតាអុង ឃុំតាអុង ស្រុកចំការលើក្រោអធិបតីភាពរបស់ ឯកឧតម
គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តសុវណ្ណគង្គាសិក្ខារាម ស្ថិតនៅក្នុងឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានកោតសរសើរចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ដែលខិតខំសម្រេច កិច្ចការនេះដោយការទទួលខុសត្រូវខ្ពស់ និងតម្លាភាពក្នុងកិច្ចការចុះវាស់វែងរហូតដល់បាន ចេញជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្បាលដីដែលបងប្អូនបានចុះបញ្ជីនៅក្នុង សៀវភៅគោលបញ្ជីដីធ្លីនេះ និងទទួលបានមានសុពលភាពស្របផ្លូវច្បាប់ ហើយវាបាន បញ្ចៀសពីហានិភ័យពីការរំលោភបំពានដីធ្លីពីអ្នកដទៃផ្សេងទៀត។ វិញ្ញាបនបត្រទទួលស្គាល់ ច្បាស់លាស់ពីសំណាក់អាជ្ញាធរជំនាញពិតជាមានសារៈសំខាន់ណាស់ សម្រាប់នាពេល អនាគត។ វាគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់បងប្អូនការពារដោយច្បាប់ ដែលបងប្អូនអាច យកប័ណ្ណនេះទៅដាក់នៅធនាគារ ដើម្បីខ្ចីប្រាក់យកមកធ្វើជាដើមទុន សម្រាប់ប្រកបអាជីវកម្ម ផ្សេងៗក្នុងការជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន ឱ្យបានធូរធារជាងមុន ហើយការចុះ បញ្ជីដីធ្លី គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងការប្រើប្រាស់ដីធ្លីឱ្យអស់ សក្ដានុពល ហើយកត្តានេះបានបញ្ចប់នូវជម្លោះវិវាទដីធ្លីរវាងអ្នកមានព្រំប្រទល់ ជាប់គ្នាឬក៏ពីអ្នកផ្សេងផងដែរ ពិសេសការកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលជាគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តបានគូសបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯកសារមួយដ៏មានសារៈសំខាន់ណាស់ ដែលតំណាងឱ្យទ្រព្យសម្បត្តិ របស់បងប្អូន ជាឯកសារតំណាងឱ្យកម្មសិទ្ធិផ្ដាច់មុខរបស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផល ដូចជាការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរទៅឱ្យកូនចៅ ហើយសូមបងប្អូនថែរក្សាប័ណ្ណនេះឱ្យបានល្អ។

ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលនាំគ្នានិងរួម គោរពច្បាប់ចរាចរណ៍ និងការធ្វើដំណើរដោយប្រុងប្រយ័ត្ន ដើម្បីភាពសុខសាន្តទាំងអស់គ្នាជួយត្រូវអប់រំកូនចៅឱ្យនៅឱ្យឆ្ងាយពីគ្រឿងញៀន និងបន្តចូលរួមបន្តអនុវត្តន៍ គោលនយោបាយភូមឃុំ មានសុវត្ថិភាព ត្រូវចូលរួមថែរក្សានូវសមិទ្ធផលដែល មាន ស្រាប់នាពេលបច្ចុប្បន្ននេះឱ្យបានគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ ពិសេស គឺរួមគ្នាថែរក្សាឱ្យបាននូវសន្តិភាពព្រមទាំងស់គ្នា និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីសុខសន្តិភាព ភាពរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិ៕

ដោយ ឆាយ ម៉ុត