ឯកឧត្តម យន្ត មីន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង នៅសង្កាត់លេខ៣

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨–នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្ដម យន្ត មីន មានប្រសាសន៍បើកការដ្ឋានស្ថាបនាផ្លូវបេតុងដោយគូសបញ្ជាក់ថា ដោយមើលឃើញនូវស្ថានភាពលំបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងដោយមានការជួយជ្រោមជ្រែងពីអភិបាលក្រុងព្រះសីហនុ ក្នុងការរៀបចំស្ថាបនា ផ្លូវបេតុងមួយខ្សែនេះឡើងជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានធ្វើដំណើកាន់តែមានភាពងាយស្រួល។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅអមសងខាងផ្លូវ ចូលរួមសហការជាមួយក្រុមវិស្វករសាង សង់ផ្លូវ ដើម្បីឱ្យដំណើរការសាងសង់ផ្លូវបេតុងមួយខ្សែនេះ ប្រព្រឹត្តទៅដោយរលូន ធានាបានទាំង បរិមាណ និងគុណភាពប្រើប្រាស់បានយូរអង្វែង និងចូលរួមអនុវត្តន៍នូវគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។

លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ មានប្រសាសន៍ថា ក្នុងនាមប្រជាពលរដ្ឋ នៅក្នុងសង្កាត់លេខ៣ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ពិសេសអភិបាល ខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋាន ដូចជាផ្លូវ អូរប្រឡាយរំដោះទឹក ដើម្បីប្រែក្លាយពីផ្លូវដី មកជាផ្លូវបេតុង ផ្លូវក្រាលកៅស៊ូវិញ។

សូមបញ្ជាក់ថា ការស្ថាបនាផ្លូវបេតុង ឆ្អឹងដែកក្នុងភូមិថ្មី សង្កាត់លេខ៣ មួយខ្សែនេះ មានបណ្តោយ ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្ពស់ ០,១៥ម៉ែត្រ៕

ដោយ ងូ សុមុនី